ភ្នំពេញ៖ ហេតុការណ៍ដ៏គួរឲ្យសង្វេគមួយ បានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ដោយស្ត្រីម្នាក់ បានដើររកកូនប្រុស ហើយក៏ប្រទះឃើញដេកផ្កាប់មុខ ចូលក្នុងទឹកបឹងកំផ្លោក នៅខាងក្រោយផ្ទះ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល ដល់នៅជិតខាង និងសមត្ថកិច្ច កាលពីវេលា នៅផ្លូវបេតុង បឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមការឲ្យដឹងពីសាច់ញាតិបានប្រាប់ថា បុរសរងគ្រោះខាងលើ មានឈ្មោះ ពៅ មករា អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ ហើយតាមសម្ដីស្ត្រីម្នាក់ មានឈ្មោះ ពៅ និស្ស័យធំ អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ ដែលស្នាក់នៅ កន្លែងកើតហេតុ និងត្រូវជាម្ដាយជនរងគ្រោះ បាននិយាយប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់បានបាត់កូន ដែលជាជនរងគ្រោះ តាំងពីម៉ោង២រសៀល ហើយបានដើររកអស់រយៈពេលជាយូរ រហូតមកដល់វេលាម៉ោង ៤និង១០នាទីរសៀល ថ្ងៃខែឆ្នាំដដែល រូបគាត់ក៏បានដើរ មកខាងក្រោយផ្ទះ ក៏ប្រទះឃើញជនរងគ្រោះ ដេកផ្កាប់មុខចូលទឹកបឹងកំផ្លោក នៅខាងក្រោយក្រោមផ្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ ជីវិតទៅហើយ ។

ស្ត្រីជាម្ដាយជនរងគ្រោះ បានប្រាប់បន្តថា ក្រោយពីប្រទះឃើញសព ជនរងគ្រោះរួចហើយ រូបគាត់ក៏បានឲ្យកូនចៅ និងពឹងពាក់សាច់ញាតិជិតខាង ជួយលើកសាកសព យកឡើងមកលើផ្ទះ រួចហើយទើបរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន តាមក្រោយ ។

ក្រោយពីទទួលបាន ដំណឹងនេះភ្លាម សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច្ច័យ ទៅលើសាកសព ហើយបានសន្ឋិដានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គ រអិលជើងធ្លាក់ចូលក្នុងទឹក លង់ស្លាប់ដោយគ្មានអ្នកដឹង ។ ក្រោយពីធ្វើកំណត់ហេតុ និងកោសល្យវិឆ្ឆ័យរួចរាល់ សមត្ថកិច្ចក៏ប្រគល់សព ជនរងគ្រោះឲ្យទៅក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីតែម្ដង៕

សហការី KBN