ខេត្តព្រះសីហនុ៖ អ្នកនេសាទ២នាក់ បានចេញទូកទៅនេសាទ នៅក្នុងលំហសមុទ្រខ្មែរ ក៏ត្រូវភ្លៀង លាយឡំនឹងខ្យល់ព្យុះ វាយបោកទូករហូតលិច ធ្វើឲ្យពួកគេហែលតោងប៊ីដុងជ័ររសាត់តាមទឹក ចម្ងាយ​១០គីឡូម៉ែត្រ ទម្រាំមានអូប័រដឹកភ្ញៀវទេសចរ ជួយសង្រ្គោះឲ្យផុតពីសេចក្ដីស្លាប់ កាលពីវេលាម៉ោង៧​ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅខាងត្បូងកោះឫស្សី ស្ថិតក្នុងដែនសមុទ្រខែ្មរ។

មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ នៅក្នុងហេតុការណ៍ខាងលើនេះ ទី១-ឈ្មោះ​សូន​ ​វណ្ណី​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរជាអ្នកនេសាទ (ម្ចាស់ទូក) និងទី២-​ឈ្មោះ សុន​ ​សុធី​ ​ភេទប្រុស​ អាយុ៣៥ឆ្នាំ មុខរបរជាកម្មករនេសាទ។​ ពួកគេទាំង២នាក់ ត្រូវអូប័រដឹកភ្ញៀវទេសចររបស់ក្រុមហ៊ុនGTVC ជួយសង្រ្គោះ។ នៅក្នុងហេតុការណ៍លិចទូកនេសាទនោះ ធ្វើឲ្យជនរងគ្រោះបាត់បង់សម្ភារជាច្រើន រួម​មាន ទូកឈើ​ពណ៌ខៀវ ម៉ាស៊ីនគោយន្ក កម្លាំង៤២សេះ១គ្រឿង លិចបាត់ទាំងស្រុង អួនអូសបង្គាចំនួន៣កំផ្លេ វិទ្យុទាក់ទង១គ្រឿង ឧបករណ៍មើលផ្លូវ មើលបាតសមុទ្រ ហៅថាដាវ១គ្រឿង និងទូរស័ព្ទ១គ្រឿង ។

បើតាមសម្ដីរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ច​ថា មុនពេលកើតហេតុ ពួកគេទាំង២នាក់បានចេញទូកទៅនេសាទ នៅក្នុងលំហដែនសមុទ្រខ្មែរ ដែលមានចម្ងាយប្រហែល៧គីឡូម៉ែត្រ ពីខាងត្បូងកោះពស់។ លុះមកដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនានោះ ខណៈពូក​គេ​កំពុងតែនេសាទនោះ អូនក៏ទាក់នឹងថ្ម គាប់ជួនពេលនោះភ្លៀង​ចាប់ផ្តើមបង្អុរចុះមក លាយឡំនឹងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យទូកនេសាទរបស់ពួកគេលិច។

ស្ថិតក្នុងសភាពប្រកបដោយគ្រោះថ្នាក់បែបនេះ ពួកគេទាំង២នាក់ បាននាំគ្នាតោងប៊ីដុងជ័រ រសាត់តាមទឹក រហូតដល់ខាងត្បូងកោះឫស្សី ដែលចម្ងាយ១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ជនរងគ្រោះ បានបន្តទៀតថា បន្ទាប់ពីពួកគេលិចទូកបានប្រហែល៥ម៉ោង ទើបមានអូប័រដឹកភ្ញៀវ​ទេសចររបស់ក្រុមហ៊ុន GTVC បើកមកដល់ជួយពួកគេ ឲ្យរួចផុតពីសេចក្ដីស្លាប់។

ក្រោយពេលជួយសង្រ្គោះឲ្យរួចហើយ ម្ចាស់អូប័រដឹកភ្ញៀវទេសចរ ក៏បានប្រគល់ជន​រង​គ្រោះទៅឲ្យមន្រ្ដីជំនាញប្រចាំការគោលដៅផែទេសចរណ៏ ដើម្បីសាកសួរព័ត៌មាន៕ សហការី KBN-LIVE.com