ភ្នំពេញ៖ គ្រាន់តែគ្រោះថ្នាក់ចរាចរ ប៉ះបន្តិចបន្តួច ក្នុងនាមជាខ្មែរដូចគ្នា មិនយោគយល់ សម្រួលគ្នាដោយសន្តិវិធី បែជាចងកំហឹង ក្លាយជាទំនាស់ទាស់សម្តី រហូតឈានដល់ការទាញដុំថ្មគប់រថយន្ត ដែលករណីនេះ បានកើតឡើងកាល ម៉ោង១និង២០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ១៩៨៦ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីរថយន្តមួយគ្រឿង បុកម៉ូតូពីក្រោយ តែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរី បាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-7527 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពី លិចទៅកើត តាមបណ្តោយផ្លូវខាងលើ ស្របទិសគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6300 ជិះដោយបុរសម្នាក់ ។

ដោយសារចំណុចខាងលើ ជាផ្លូវចង្អៀត ទើបមានការកកស្ទះ ភាគីខាងម៉ូតូជិះជែងទៅមុខ ចំពេលរថយន្តស៉ីញ៉ូបត់ បណ្តាលឱ្យប៉ះគ្នាបន្តិចបន្តួច ក្លាយជាទំនាស់ពាក្យសម្តីគ្នាទៅវិញទៅមក រហូតផ្ទុះកំហឹងទាញដុំថ្មគប់រថយន្ត ចំណែកម្ចាស់រថយន្តស្លន់ ក៏ជ្រុលជាន់ហ្គែបុកភាគីខាងម៉ូតូតែម្តង ។

តាមសម្តីរបស់ភាគីខាងម៉ូតូ បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានជិះម៉ូតូតាមបណ្តោយផ្លូវ១៩៨៦ ទិសដៅពីលិចទៅកើត ស្របទិសជាមួយរថយន្ត ហើយដោយសារផ្លូវចង្អៀត ទើបគាត់ជ្រែកទៅមុខ តែពុំឃើញខាងរថយន្តស៉ីញ៉ូ ទើបបណ្តាលឱ្យប៉ះគ្នា ដោយឃើញម្ចាស់រថយន្តបើកកញ្ចក់រថយន្តរួចស្តីឱ្យ ទើបខឹងជេរម្ចាស់រថយន្តវិញ រួចធាក់រថយន្ត មួយជើង ព្រមទាំងវាយមួយដៃ ដោយសារតែរថយន្តព្យាយាមបើកគៀរូបគាត់។

ចំណែកភាគីខាងរថយន្តបានឱ្យដឹងថា ខ្លួនបានធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ស្របទិសជាមួយម៉ូតូភាគីម្ខាងទៀត ប៉ុន្តែម៉ូតូបើកជែងរហូត ប៉ះត្រូវរថយន្តគាត់ទាំងគាត់កំពុងស៉ីញ៉ូ និយាយគ្នាមិនត្រូវ ក៏ទាស់សម្តីគ្នា ភាគីខាងម៉ូតូវាយរថយន្ត និងធាក់មួយជើង ទើបរូបគាត់ឈប់រថយន្ត ស្រាប់តែភាគីខាងម៉ូតូ បកមកក្រោយវិញ នៅក្នុងដៃមានដុំថ្មមួយដុំ គប់ទៅលើកញ្ចក់រថយន្តរបស់គាត់ ទើបគាត់ស្លន់ជាន់ជ្រុលទៅបុកម៉ូតូ បណ្តាលឱ្យគាបជាប់ក្រោមរថយន្តតែម្តងទៅ ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការសម្រួលគ្នា ដោយភាគីខាងម៉ូតូព្រមចេញថ្លៃសំណងទៅភាគីខាងរថយន្តចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿងតែម្តង៕ សហការី KBN-LIVE.com