ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់រវល់តែទៅរត់តាក់ស៊ី រកលុយចិញ្ចឹមគ្រួសារ ទុកប្រពន្ធឲ្យនៅមើលផ្ទះ ហើយនាងក៏បានអុជទៀនធូប ថ្វាយកុងម៉ា នាថ្ងៃសីលសុំសេចក្ដីសុខចម្រើន ​ រួចចេញទីធ្វើការ ភ្លេចមើល​ ធ្វើឲ្យកម្ទេចធូប ធ្លាក់មកលើជើងធូប បង្កឲ្យកើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជា​ពលរដ្ឋ និងសមត្ថកិច្ច នាំគ្នាចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា នៅក្នុងភូមិគាប​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

មន្ត្រីនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ផ្ទះដែលរងនូវគ្រោះអគ្គិភ័យនោះ មានបណ្ដោយ​ប្រវែង​៨ម៉ែត្រ និងទទឹងប្រវែង៥ម៉ែត្រ ធ្វើពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះ​ យី​ ម៉ៅ​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរជាអ្នករត់ឡានតាក់ស៊ី ប៉ោយប៉ែត-សិរីសភ័ណ​ ប្រពន្ធជាបុគ្គលិកក្រុមហ៊ុនរោងចក្រកាត់ដេរស៊ីសុផុន។ ក្រៅពីឆេះផ្ទះអស់ទាំងមូលនោះ គ្រោះអគ្គិភ័យនេះបានលេបត្របាក់ជម្រុកស្រូវ០១ខ្នង​ ចង្ក្រានបាយ១ខ្នង រួមនឹងទ្រព្យសម្បត្តិជាច្រើនទៀត។

មន្ត្រីនគរបាលដដែល បានបន្តថា មុនពេលកើតមាននូវគ្រោះអគ្គិភ័យនោះ បុរសជាប្ដីបានបើករថ​យន្តតាក់ស៊ីដឹកម៉ូយពីក្រុងសិរីសោភ័ណ ទៅកាន់ឡែម​ ស្រុកកំរៀង ខេត្តបាត់ដំបង។ ស្របពេលប្ដី​ចេញ​ទៅបាត់នោះ ប្រពន្ធរបស់គាត់ក៏នឹកឃើញថា ថ្ងៃនេះជាថ្ងៃសីលផង នាងក៏ដុតធូបថ្វាយកុងម៉ា និង​ជំនៀងផ្ទះ សុំសេចក្ដីសុខចម្រើន រួចហើយក៏ចេញទៅក្រៅ ដើម្បីបំពេញការងារចិញ្ចឹមជីវិត។ លុះមក​ដល់​វេលាខាងលើ ស្រាប់តែកើតមាននូវអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង បង្កឲ្យភ្ញាក់​ផ្អើល ដល់អ្នកភូមិ និងសមត្ថកិច្ចបើករថយន្តពន្លត់អគ្គិភ័យ ចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត រហូតធ្វើឲ្យភ្លើងរលត់អស់ទៅវិញ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃដដែលនោះ។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ក្រៅពីបំផ្លាញអស់ផ្ទះទាំងមូលនោះ វាក៏មិនបាន​បណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬក៏ស្លាប់នោះដែរ។ រីឯទំហំ នៃការខូចខាត គិតជាទឹកប្រាក់ប៉ុន្មាន​នោះគឺសមត្ថកិច្ចមិនទាន់ដឹងនោះឡើយ៕ សហការី KBN-LIVE.com