ភ្នំពេញ៖ បុរសម្នាក់ជាកម្មកររោងចក្រថៃហ្គ័រ ទើបនឹងចេញពីធ្វើការ បានជិះម៉ូតូត្រឡប់ទៅផ្ទះ ក៏ជួប​នឹងគ្រោះអកុសល ត្រូវរថយន្តកុងតឺន័របុកស្លាប់​យ៉ាងអាណោចអាធ័ម បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពី​វេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅតាមផ្លូវច្រកចូលរមណីយដ្ឋាន សួនសុបិន (ផ្លូវរោងចក្រថៃហ្គ័រ) ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

លោកឯក សារ៉េន អធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ បានឲ្យដឹងថា រថយន្តកុងតឺន័រ​បង្ក ម៉ាកនីស្សាន់ ពាក់ស្លាកលេខ 3B-6855 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ។ រីឯជនរងគ្រោះ ឈ្មោះ គឹម ប៊ិន អាយុ៤៦ឆ្នាំ មុខ​របរ​ជាកម្មករក្រុមហ៊ុនស្រាបៀរថៃហ្គ័រ មានប្រពន្ធឈ្មោះ មុំ ចាន់ អាយុ៤៣​ឆ្នាំ មុខរបរនៅផ្ទះ។ ពួកគាត់ទាំង២នាក់ប្ដីប្រពន្ធ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍​បណ្ដាល​ឲ្យ​មានមនុស្សស្លាប់នោះ គេឃើញបុរសរងគ្រោះជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ 1E-3640 ចេញ​ពីធ្វើការ តាមបណ្ដោយផ្លូវរោងចក្រថៃហ្គ័រ ក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាជាមួយនឹងរថយន្តកុងតឺន័រ​បង្ក ម៉ាកនីស្សាន់ ពាក់ស្លាកលេខ 3B-6855។

លុះពេលជនរងគ្រោះធ្វើដំណើរមកដល់​​ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតទៅបុកម៉ូតូពីក្រោយ ដួលចូលក្រោមកង់រថយន្ត​កិន​បែកក្បាល និងបាក់ដៃជើង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច។ ឃើញហេតុការណ៍​ដ៏​រន្ធត់បែបនេះ អ្នកបើកបររថយន្តបង្ក បានបើកទៅមុខ ប្រហែលជា២០ម៉ែត្រ ទើបឈប់រថយន្ត រួចហើយបើកទ្វារលោតចុះ រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរ បានចុះទៅពិនិត្យ និងប្រគល់សាកសពរបស់ជន​រង​គ្រោះ​ទៅឲ្យសាច់ញាតិ​ ដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។ ដោយឡែករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅក្នុងការិយាល័យនគរបាលចរាចរណ៍​ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវស្វែងរកអ្នកបើករថយន្តបង្ក នាំមក​​ចាត់ការតាមច្បាប់៕ សហការី KBN-LIVE.com