ជាការប្រសើរណាស់ ប្រៀបដូចពាក្យចាស់និយាយថា «ក្រោយភ្លៀង មេឃស្រឡះ» ដោយគ្រួសាររបស់អតីតពិធីករល្បីឈ្មោះ លោក អ៊ិត សេដ្ឋា លាចាកលោកទៅ បានបន្សល់នូវកូនប្រុសស្រី ៣នាក់ ហើយម្នាក់ៗ សុទ្ធតែនៅក្មេងៗ កំពុងត្រូវការ ការសិក្សា មិនតែប៉ុណ្ណោះថែមទាំងមាន ដូនចាស់ម្នាក់ទៀតផងដែរ ។

ដោយសារតែក្ដីអាណិត ស្រឡាញ់ ពីសំណាក់ពុកម៉ែបងប្អូន ក៏ដូចជាការមើលឃើញនូវទុក្ខលំបាកមួយចំនួនរបស់គ្រួសារសពលោក អ៊ិត សេដ្ឋា ទាំនេះ ទើបមានការជ្រោមជ្រែងយ៉ាងខ្លាំង ជាក់ស្ដែងដូចជាកាលពីព្រឹកថ្ងៃ​ទី ២៣ ខែមិថុនា ឆ្នាំ ២០១៧ នេះ ពិធីការិនី យុគ ចិន្ដា បន្ទាប់ពីបាន វិលត្រឡប់ពីទឹកដីសហរដ្ឋអាមេរិកវិញ បាននាំកូនៗ និងអ្នកម្ដាយ របស់សពលោក អ៊ិត សេដ្ឋា ទៅមើលផ្ទះថ្មីមួយកន្លែង ហើយថែមទាំងធ្វើការចុះកុងត្រាកក់ ទិញតែម្ដង ។

ជាមួយគ្នានេះអ្នកនាង យុគ ចិន្ដា ថែមទាំងបានសរសេរទៀតថា លុយសម្រាប់ទិញផ្ទះមួយល្វែងជូនដល់គ្រួសារលោក អ៊ិត សេដ្ឋា នេះគឺបានមកពីការប្រមូពីសំណាក់រាជរាដ្ឋាភិបាល ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំនឹងបុគ្គលិកនៃបណ្តាញស្ថានីយទូរទស្សន៌សុីធីអុិននឹងបងប្អូនប្រជាជនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។

ខាងក្រោមនេះគឺជាសំណេរទាំងស្រុង ដែលក្រុមការងារយើង បានដកស្រង់ចេញពីគណនីហ្វេសប៊ុក របស់អ្នកនាង យុគ ចិន្ដា ៖

«បន្ទាប់ពីមានការប្រជុំជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CSB រួចរាល់ ព្រឹកនេះ នាងខ្ញុំក៏បាននាំអ្នកម្តាយរបស់លោក អុិត សេដ្ឋា ដើម្បីមកធ្វើកុងត្រាទិញផ្ទះ នឹងធ្វើការកក់ប្រាក់ដើម្បីទិញផ្ទះមួយល្វែងប្រគល់ជូនដល់ក្រុមគ្រួសារលោក អុិត សេដ្ឋា ដែលផ្ទះនេះជាផ្ទះដែលបានប្រមូលថវិកាពីសំណាក់រាជរាដ្ឋាភិបាល ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំនឹងបុគ្គលិកនៃបណ្តាញស្ថានីយទូរទស្សន៌សុីធីអុិននឹងបងប្អូនប្រជាជនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលបានជួយជ្រោមជ្រែង សូមអគុណដល់សន្តានចិត្តដ៏ថ្លៃថ្លារបស់អស់លោក លោកស្រីទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គលរហូតទៅ» ៕

យុទ្ធ KBN