ខេត្តកណ្តាល៖ កាលពីថ្ងៃទី២១ មិថុនា ២០១៧នេះ វេលាម៉ោង១រំលងអាធ្រាត ប្រជាពលរដ្ឋនាំគ្នាផ្អើល រឿងករណីស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួន នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ស្ត្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ឃីម ផល្លា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

បើតាមការឲ្យដឹង ពីប្តីរបស់ស្ត្រីរងគ្រោះ ឈ្មោះ ពឿន ភ័ណ្ឌ អាយុ៤១ឆ្នាំ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានភ្ញាក់ពីដេក ហើយពុំបានឃើញប្រពន្ធនៅក្បែរ ក៏ក្រោកឡើងដើររកប្រពន្ធ ស្រាប់តែស្លុតចិត្តយ៉ាងខ្លាំង ពេលដែលក្រឡេកទៅឃើញ ប្រពន្ធចង.កនិងក្រម៉ា ជាប់មេជញ្ជាំងខាងលើ ស្លាប់បាត់ទៅហើយ ហើយគាត់ក៏ប្រញាប់ស្រែកហៅអ្នកជិតខាង និងប្តឹងសមត្ថកិច្ចមូលដ្ឋានភ្លាមៗផងដែរ ។

សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញធ្វើការពិនិត្យ ឃើញថាពុំមានស្លាកស្នាមអ្វី គួរឲ្យសង្ស័យជាអំពើឃាតកម្មនោះទេ ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.កពិតប្រាកដមែន ៕