ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ យកកាបូបស្ពាយ ពីរនារីម្នាក់ដែលកំពុងដើរតាមផ្លូវ បានសំរេចហើយត្រូវនារីរងគ្រោះដួល ពេលនោះចោរជិះគេចខ្លួន បានបន្តិចដោយភ័យពេក ក៏ជិះបុករថយន្តគេ និងបុកធុងទឹកអំពៅ បណ្ដាលអោយដួលម៉ូតូ ភ្លាមៗនោះប្រជាពលរដ្ឋ ដាក់មួយដៃមួយជើង ទ្រមខ្លួនទើបប្រគល់អោយប៉ូលិស។

ហេតុការនេះបង្កការភ្ងាក់ផ្អើល កាលពីរសៀលថ្ងៃ២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ២៤២ ផ្លូវ១៣៨ ភូមិ១១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២ ដែលប៉ូលិសឃាត់បាននេះ មានឈ្មោះ វាន់ ឡូត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងគ្នាវាម្នាក់ទៀតឈ្មោះ រ៉ង ភត្រា ប្រុសអាយុ១៨ ស្នាក់នៅផ្ទះជួលម្ដុំសូឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ទិត្យ នីតា ស្រីអាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ក្រោយពេទ្យលោកសង្ឃ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

នៅមុនពេលកើតហេតុ នារីរូបស្រស់២នាក់ បានជូនប្អូនប្រុសរបស់ខ្លួនម្នាក់ ដើម្បីស្វែងរកការងារធ្វើ ខណៈអ្នកទាំង៣ ដើរតាមបណ្តោយផ្លូវ១៣៨ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ភ្នំពេញ1GE-0001 ធ្វើសកម្មភាព ឆក់យកកាបូបលុយ ពីជនរងគ្រោះ បានសម្រេច រួចក៏ជិះរត់គេចខ្លួន។

បន្ទាប់ពីឆក់រួច ជនរងគ្រោះបានស្រែកឆោឡោ អោយប្រជាពលរដ្ឋ នាំគ្នាជួយស្ទាក់ ទើបសមត្ថកិច្ចនឹងប្រជាពលរដ្ឋ ធ្វើការដេញតាម រហូតជនសង្ស័យភ័យពេក ជ្រុលចង្កូតជិះទៅបុក រថយន្តនិងធុងលក់ទឹកអំពៅ ដួលម៉ូតូ ត្រូវបានប្រជាពលរដ្ឋចាប់ ស្វាគមន៍ម្នាក់១ដៃ១ជើង ហើយប្រគល់ជូនសមត្ថកិច្ច។

ក្រោយពេលកើតហេតុជន សង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ នឹងចាត់ការបន្តតាមនីតិវិធីច្បាប់៕

សហការី KBN