មានភាពភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានឃើញសារខ្លីរបស់អាចារ្យ ធំ ដែលបានបង្ហោះ នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន កាលពីជិតមួយម៉ោងមុននេះ ដោយបានបង្ហាញថា ប្រពន្ធរបស់តារាកំប្លែងនាយឆ្លាំង បានស្លាប់ហើយ នៅថ្ងៃនេះ(ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៧) ដោយសារជំងឺ ហើយក្នុងនោះដែរ អាចារ្យ ធំ ក៏បានឆ្លៀតអគុណដល់ទឹកចិត្តរបស់ម្ចាស់បទ«យំផ្ដាំមេឃ» លោក ហេង ពិទូ ផងដែរ ដែលមានទឹកចិត្តជ្រះថ្លានាំបច្ច័យចំនួន ២ម៉ឺនរៀល ចូលបុណ្យ ក៏ដូចជាជួយដល់ក្រុមគ្រួសារសព ។

ក្រៅពីតារាចម្រៀង ហេង ពិទូ ក៏មានតារាសិល្បៈផ្សេងទៀតដែរ ដែលបានផ្ដល់ថិវិការចូលបុណ្យក៏ដូចជាជួយដល់គ្រួសារសព ដោយក្នុងនោះមាន កញ្ញា សុខ សីឡាលីន តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសចំនួន ៣០ដុល្លារ និងកញ្ញា វី រីយ៉ា ចំនួន ១០ម៉ឺនរៀលផងដែរ ។

គួរបញ្ជាក់ដែរថា ប្រហែលមួយម៉ោងមុន ឌីជេ អាចារ្យ ធំ បានបង្ហោះនូវសារខ្លីមួយ ប្រាប់ដល់បងប្អូនក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តសិល្បៈទាំងអស់ថា នាយឆ្លាំង ដែលជាតារាកំប្លែងម្នាក់ ក្នុងប្រទេសកម្ពុជា កំពុងជួបទុក្ខធំ ដោយប្រពន្ធឈឺរីងរៃ រហូតដល់ស្លាប់ ដោយគ្មានលុយមួយកាក់មួយសេន សម្រាប់ធ្វើបុណ្យឱ្យប្រពន្ធឡើយ ។

ខាងក្រោមនេះ គឹជាសំណេរលម្អិតរបស់ ឌីជេ អាចារ្យ ធំ ដែលក្រុមការងារយើង បានដកស្រង់ទាំងស្រុង ៖

«សូម្បីតែថវិកាសម្រាប់ធ្វើបុណ្យ ក៏នាយឆ្លាំងប្រាប់ទាំងអួលដើមករថាគ្មានដែរ! លោកគ្មានសេសសល់ទ្រព្យអីទេ ក្នុងការប្រឡូកចូលវិស័យកំប្លែងស្ទើរតែមួយជីវិតនេះ។ ប្រពន្ធឈឺរាំរ៉ៃជាយូរមកហើយ គ្មានលុយព្យាបាលបណ្ដោយតាមយថាកម្ម រហូតដល់ប្រពន្ធស្លាប់នៅនឹងដៃទៅហើយ ក៏លោកគ្មានប្រាក់មួយរៀល សម្រាប់ធ្វើបុណ្យសពប្រពន្ធទៀត។ សែនអាសូរណាស់!!!
សូមបងប្អូនមេត្តាជួយដល់រូបលោកផង ដែលកំពុងជួបការខ្វះខាតថវិកាទាំងស្រុងធ្វើបុណ្យសពប្រពន្ធដែលបានស្លាប់ដោយជម្ងឺទាចទឹក។
លេខទូរស័ព្ទ បងឆ្លាំងផ្ទាល់៖ 010-017 31 06 68» ៕ យុទ្ធ KBN