ភ្នំពេញ ៖ ស្រ្តីម្នាក់សង្ស័យកើតមានវិប្បត្តិផ្លូវចិត្ត បន្ទាប់ពីយកកូនចេញពីក្នុងផ្ទៃ បែជាកើតជំងឺប្រចាំកាយ សម្រចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះសំណាក់ដែលទើបបើកថ្មីៗ កៅឆាយជួបរឿងបែបនេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះសំណាក់ យុីហោ រ៉ូស ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះ មានឈ្មោះ ទ្រី កា អាយុ ២៣ឆ្នាំ មុខរបរ មើលការខុសត្រូវកន្លែងហ្គេមបាញ់ត្រី ក្នុងខណ្ឌសែនសុខ មានស្រុកកំណើត ភូមិក្តុល ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
បើតាមសាច់ញាតិបានឱ្យដឹងហាក់បីដូចជាចង់លាក់លៀមថា ស្រ្តីរងគ្រោះបានប្តីហេងស៊យ រហូតមានកូន តែមិនទុក យកចេញ ធ្វើឱ្យប៉ះពាល់ដល់ផ្នែកសុខភាព កើតមានជំងឺប្រចាំកាយ សង្ស័យតូចចិត្ត ខ្លួនមានជំងឺ ទើបឈានដល់សម្រេចចិត្តបញ្ចប់ជីវិតបែបនេះ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ស្រ្តីខាងលើ បានទៅជួលបន្ទប់លេខ២០៧ជាន់ទី ២ ផ្ទះសំណាក់ខាងលើ ថាស្នាក់នៅតែមួយភ្លែតទេ តែផ្ទុយទៅវិញ ដល់ម៉ោង៧និង៣០នាទីយប់ទៅហើយ មិនឃើញចេញ បុគ្គលិកមើលថែផ្ទះសំណាក់ ឡើងទៅចង់សួរ ស្នាក់នៅបន្តឬយ៉ាងណា គ្រាន់តែបើកទ្វារ ក៏ស្រាប់តែឃើញ ស្រ្តីរូបនេះចងកសម្លាប់ខ្លួន នឹងចំរឹងបង្អួចស្លាប់បាត់ទៅហើយ ទើបផ្អើលឆោឡោ ។

តែបើតាមភាគីខាងផ្ទះសំណាក់វិញ បានត្អួញត្អែថា គាត់ទើបតែជួលផ្ទះគេ ដើម្បីបើកផ្ទះសំណាក់ ទើបតែដំណើរការថ្មីៗ មិនទាន់បានអីផង ស្រាប់តែស្រ្តីខាងលើកៅឆាយ ចងកសម្លាប់ខ្លួនក្នុងបន្ទប់បាត់ ។
សាកសពក្រោយពីនគរបាលជំនាញពិនិត្យកោសល្យវិច័យរួច ឃើញថាពិតជាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ទើបប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
សហការី KBN-LIVE.com