ខេត្តបាត់ដំបង ៖ មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ មិថុនា ២០១៧ ដោយមានករណីផ្ទុះធុងហ្គាសមួយ បណ្តាលឲ្យរបួសធ្ងន់ប្តីប្រពន្ធ២នាក់ និងស្លាប់កូនស្រីម្នាក់ ខូចខាតផ្ទះ១ខ្នង ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពី​ឈើ​ប្រក់​ស័ង្កសី ម៉ូតូ​ចាស់​ចំនួន២គ្រឿង ហេតុការណ៍នេះកើតឡើង​នៅ​ចំណុច ​ភូមិ​បេង​ស្អាត ឃុំ-ស្រុក​ភ្នំព្រឹក ។

ជនរងគ្រោះត្រូវបានគេស្គាល់ ប្តីឈ្មោះ កាន សុឌឿន អាយុ៣៣ឆ្នាំ របួសធ្ងន់, ប្រពន្ធឈ្មោះ ចាន់ នី អាយុ២៥ឆ្នាំ របួសធ្ងន់ និងកូនស្រី ឈ្មោះ ឌឿន នីកា អាយុ៣ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យ ។

មូលហេតុនៃការផ្ទុះនេះ មិនទាន់មានប្រភពអះអាងច្បាស់លាស់ នៅឡើយនោះទេ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់ និង​បាន​ជួយ​បញ្ជូន​ជនរងគ្រោះ​ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន និង​បាន​ពិនិត្យ​កន្លែងកើតហេតុ ដោយធ្វើការ​សន្និដ្ឋាន​ដំបូងថា ពិតជា​ករណី​ផ្ទុះ​ធុង​ហ្គាស ​ពិតប្រាកដមែន ។

ក្នុងករណីនេះ សមត្ថកិច្ច​សន្និដ្ឋានថា អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ ពី​ខ្សែរ​ភ្លើង​ប៉ះ​ត្រូវ​ធុង​ហ្គាស ទើប​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង ៕