ភ្នំពេញ៖ មេល្បែង ស្ទូចប្រេងកូឡាម្នាក់ ត្រូវបានសមត្ថកិច្ច ខណ្ឌឫស្សីកែវ ចុះបង្ក្រាបជាក់ស្តែង នៅតាមបណ្តោយផ្លូវរថភ្លើង កាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ កៅ និស្ស័យ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ នៅផ្ទះ (មេល្បែងស៉ីសង) ស្នាក់នៅផ្ទះកើតហេតុខាងលើ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ គឺមានការសម្របសម្រួល ពីលោកវង្ស ប៉ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចយើង បានបើកការស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាប ទីតាំងលេងល្បែង ស៊ីសងខុសច្បាប់(ស្ទូចប្រេងកូឡា) ដោយនៅក្នុងកិច្ចប្រតិបត្តិការនេះ គឺសមត្ថកិច្ចយើងឃាត់ខ្លួន បានជនសង្ស័យម្នាក់ ព្រមទាំងដកហូត គំរបប្រេងកូឡាចំនួន២៤ មានចាប់ពីលេខ១ ដល់លេខ២៤ មានពណ៌ក្រហម និងពណ៌ខៀវ, កំរាលមានលេខ១ ដល់លេខ១២ ចំនួនផ្ទាំងថុងជ័រចំនួន១, កៅអីជ័រចំនួន៣ និងទឹកប្រាក់មួយចំនួន។

ក្រោយមកសមត្ថកិច្ចយើង បានឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាល រដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ច ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់៕

សហការី KBN-live