ភ្នំពេញ៖ ចោរស្រីម្នាក់ជំនាញលូកវះហោប៉ៅម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីរូបគេធ្វើសកម្មភាពលូក និងវះហោប៉ៅកម្មការិនីរោងចក្រ ២នាក់បានទូរស័ព្ទ២គ្រឿងជាបន្តបន្ទាប់ ត្រូវបានម្ចាស់ដឹងខ្លួនទាន់ ចាប់ក្របួចបានប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខរោងចក្រកាត់យីហោ(ខៃថាន)ផ្លូវបេតុង ភូមិទួលគោក សង្កាត់សង្កែ ខណ្ឌឬស្សីកែវ ។​

ជនរងគ្រោះទាំង២នាក់ ១ឈ្មោះគ្រីធីដា ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ទូរស័ព្ទដែលស្ត្រីសង្ស័យលូកយកនោះម៉ាកអាយហ្វូនហ្វាយ ចំណែកជនរងគ្រោះទី ២ ឈ្មោះយនសុភារីភេទស្រីអាយុ ២២ឆ្នាំ មានមុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវទូរស័ព្ទដែលស្ត្រីសង្ស័យវះយកនោះ ម៉ាកអាយហ្វូនហ្វ័រ(Iphone4) មួយគ្រឿង យកបានវិញ ។​

ចំណែកឯស្ត្រីសង្ស័យមានឈ្មោះ ឈុន សៀក ភេទស្រី អាយុ ២០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លុងក្ងាន សង្កាត់ក្មួញ ខណ្ឌឬស្សីកែវ ។ ​

ស្ត្រីរងគ្រោះទាំង ២នាក់ បានឱ្យដឹងថា នៅមុនកើតហេតុ រូបនាងទាំង ២នាក់ បានចេញពីរ​ធ្វើការរោងចក្រ មកហូបបាយនៅមុខរោងចក្រកើតហេតុខាងលើ រួចបានដើរទាំង ២នាក់ទៅទិញពងទាកូច ។ ខណៈពេលកំពុងឈរទិញពងទា ស្រាប់មានស្ត្រីម្នាក់ មកជិតរួចឈរគៀក ហើយបានធ្វើសកម្មភាពលូកហោប៉ៅ និងវះថងកៅស៊ូសររបស់នាងទាំង ២នាក់ បានសម្រេចជាបន្តបន្ទាប់ តែត្រូវអស់លក្ខ ត្រូវបានអ្នកលក់ពងទារកូនស្រែកប្រាប់នាងទាំង ២នាក់ថា មានស្ត្រីម្នាក់ដែលឈរជិតនោះ លួចយកទូរស័ព្ទនាងអស់ហើយ ។

ភ្លាមៗនោះ នាងទាំង ២នាក់ មានការសង្ស័យស្ត្រីខាងលើ ក៏ចាប់ និងឆែកឆេររកឃើញទូរស័ព្ទទាំង ២គ្រឿង ដែលជារបស់នាងទាំង ២នាក់ ក៏ចាប់ឃាត់ខ្លួនប្រគលទៅ់ឱ្យសមត្ថកិច្ច នាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋាបាលទួលសង្កែដើម្បីសាកសួរបន្ត ។​

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕

សហការី KBN-LIVE.com