ភ្នំពេញ ៖ ស្រ្តីជាជនជាតិខ្មែរមានប្តីជាជនជាតិចិន សង្ស័យខឹងប្តី ក៏ទិញសាំងយកមកចាក់ដុតខ្លួនឯង បណ្តាលឱ្យឆេះរលេះរលួយ ទាំង២នាក់ប្តីប្រពន្ធ និងឆេះទ្រព្យសម្បត្តិខូចខាតអស់ ទាំងស្រុង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលជាន់ទី៤ តាមផ្លូវ១១៣កែងផ្លូវ៣០០ ក្រុម៥៤ ស្ថិតនៅភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​ ។

ជនរងគ្រោះជាប្តីមានឈ្មោះ ឡូ រ៉េន អាយុ ៥១ឆ្នាំ ជាជនជាតិចិនហុងកុង មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ រងរបួសឆេះរលាត់ពេញខ្លួនប្រាណ​ ត្រូវរថយន្តសង្រ្គោះឯកជន ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែក​ស្រ្តីជាប្រពន្ធមានឈ្មោះ ស៊ឹម សំណាង ហៅស្រីនាថ ជនជាតិខ្មែរ ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅកើតហេតុខាងលើ រងរបួសរលាកពេញខ្លួន បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

តាមសម្តីអ្នកជួលបន្ទប់ជួលក្បែរកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា បន្ទប់ដែលបង្កឱ្យ មានអគ្គិភ័យកើតឡើងជាបន្ទប់ជួលជាន់ទី៤ មានប្តីជាជនជាតិចិន និងប្រពន្ធជាជនជាតិខ្មែរ បានរស់នៅជាមួយគ្នា ​មុនពេលកើតហេតុ​ ឃើញ ស្រ្តីជាប្រពន្ធ​របស់បុរសជនជាតិចិន ដៃកាន់ដបសាំងចូលបន្ទប់ មួយសន្ទុះក្រោយមកក៏ភ្លើងឆាបឆេះចេញពីបន្ទប់ជួល ធ្វើឱ្យមានការ​ផ្អើលឆោឡោដល់អ្នកជិតខាង នាំគ្នាទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ ។

ប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយកើតហេតុ បានសួរនាំបន្ទប់ជួលក្បែរកន្លែងកើតហេតុ ដោយមានអ្នកជួលប្រាប់ថា ​មុនកើតហេតុ មានឃើញ ស្រ្តីជាជនជាតិខ្មែរជាប្រពន្ធបុរសជនជាតិចិន តែងតែឧស្សាហ៍ឈ្លោះប្រកែកគ្នាជាញឹកញាប់ ហើយមិនថាយប់ឬថ្ងៃទេ តែថ្ងៃកើតហេតុនេះ មិនឃើញឈ្លោះគ្នាទេ ​។

មុនកើតហេតុឃើញ ស្រ្តីជាប្រពន្ធដៃកាន់សាំងមួយដប ឡើងមកបន្ទប់ជួលហើយក៏មិនបានសួរនាំដែរ ដោយឃើញទឹកមុខស្រ្តីជាប្រពន្ធ មិនស្រូវសប្បាយចិត្ត ក្រោយមកក៏ស្រាប់តែមានភ្លើងឆាប់ឆេះបន្ទប់ជួលតែម្ដង ហើយក៏មិនច្បាស់ថា ស្រ្តីនោះគាត់យកសាំងមកដុតសម្លាប់ខ្លួនឯង​ ឬមកពីដាក់សាំងរលំឆាបឆេះក៏មិនដឹងច្បាស់ដែរ ។ ​

ក្នុងហេតុការណ៍នេះ សមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវ និងទៅមន្ទីរពេទ្យដើម្បីសាកសួរជនរងគ្រោះទាំង ២នាក់សិន ទើបដឹងសាច់រឿងច្បាស់លាស់ ។ លោក ហ៊ាង ថារ៉េត អធិការរងទទួលផែនយុត្តិធម៍ ​បានប្រាប់ថា ​បន្ទាប់ពីបានស៊ើបអង្កេត និងសាកសួរនាំ បុរសជនជាតិចិនបានប្រាប់ថា ប្រពន្ធគាត់ជាអ្នកយកសាំងចាក់ដុតសម្លាប់ខ្លួន ដោយខឹងគាត់ជាប្ដី ។ ចំណែកស្រ្តីជនជាតិខ្មែរជាប្រពន្ធពេលដឹកដល់មន្ទីរពេទ្យ
មិត្តភាពខ្មែរសូវៀត សន្លប់មិនទាន់ដឹងខ្លួននៅឡើយ ​រង់ចាំ​បុរសជនជាតិចិនបញ្ជាក់ច្បាស់លាស់ថា បើប្រពន្ធជាអ្នកបង្កនោះ សមត្ថកិច្ចនឹងឃាត់ខ្លួនស្រ្តីជាប្រពន្ធដើម្បីកសាងសំណុំរឿងចាត់ ការតាមច្បាប់ ។

លោក ព្រហ្ម យ៉េត ប្រធានអង្គភាពពន្លត់អគ្គិភ័យ បានប្រាប់អ្នកយកព័ត៌មានថា បើ​ប្រជាពលរដ្ឋមានបញ្ហា អគ្គិភ័យកើតឡើងសូមទូរស័ព្ទមករថយន្តពន្លត់អគ្គិភ័យ​លេខ៦៦៦ ។ អគ្គិភ័យខាងលើនេះប្រើប្រាស់ទឹកអស់ចំនួន៤ គ្រឿងចុះមកដល់កន្លែងកើតហេតុហើយ​ កម្លាំង​ពន្លត់អគ្គីភ័យបានឡើងទៅបន្ទប់ជួលទាន់ទី៤ ​រកមើលអ្វីមិនឃើញសុទ្ធតែផ្សែង ក៏ប្រើទុយយោបាញ់ទឹកស្រាប់តែឃើញបុរសជនជាតិចិននិងស្រ្តីជនជាតិខ្មែរស្រែកអោយជួយ បានគាស់ទ្វារដែកបន្ទប់ជួល ហើយគ្រា​ចុះខាងក្រោម រួចហៅរថយន្តសង្រ្គោះដឹកយកមកមន្ទីរពេទ្យដើម្បីសង្រ្គោះតែម្ដង ។ អគ្គិភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង១​រសៀលថ្ងៃដដែល ឆេះរងរបួស២ នាក់ប្តីប្រពន្ធ និងឆេះខូចខាតទ្រព្យសម្បត្តិក្នុងបន្ទប់ជួលជាន់ទី៤ស្ទើរទាំងស្រុង ៕ សហការី KBN-LIVE.com