​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ីស​ ​មួយគ្រឿង​ បើកបរ​មិនគោរព​ភ្លើង​ស្តុប​ ត្រូវ​ម៉ូតូ​មួយគ្រឿង​​ជិះ​ដោយ​នារី​ ២នាក់​ជ្រុល​ទៅបុក​ បណ្ដាលឱ្យ​ធ្លាក់​កាងមុខ ​ដល់ដី​ ចំនែក​អ្នក​ជិះម៉ូតូ​រងរបួស​រលាត់ដៃជើង​ ខាងរថយន្តសងសំណង ១០ដុល្លារមិនព្រមយក ចាំសាច់ញាតិមកដល់ទើបដឹងថា ខាងរថយន្តជាអ្នកជិតខាងគ្នា ដែលហេតុការណ៍នេះ កើតឡើង​នៅយប់​ ថ្ងៃ​ទី​១៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ចំនុច​ស្តុប​ផ្សារ​ដើម​អំពិល​ ផ្លូវ​៣១០​ កែង​និង​ផ្លូវ​១៦៣​ សង្កាត់​ទួលស្វាយព្រៃ​១​ ខណ្ឌ​ចំការមន​ ។

តាមប្រភពពត៌មានពី​កន្លែង​កើត​ហេតុ ​បានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស ​២នាក់​បានបើករថយន្ត​ម៉ាក​ឡិចស៊ីស​ RX​330  ពណ៌ស​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AE-3397 បានធ្វើដំនើរតាមផ្លូវ​ ១៦៣​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ខណៈ​មកដល់​កើត​ហេតុ​ ដែល​ជាផ្លូវ​បំបែកជាបួន​ ព្រមទាំង​មានភ្លើង​ស្តុប​ ពណ៌ក្រហម​ តែអ្នក​បើករថយន្ត​នៅតែបំពាន​បើកឆ្លង​កាត់​ ។

ខណៈពេលនោះ​ ក៏​ស្រាប់​តែមាន​នារី ​២នាក់​ បានជិះម៉ូតូ​ម៉ាក​ PCX ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1DA-2986 បានធ្វើដំនើរតាមផ្លូវ​ ៣១០​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ ក្នុង​ល្បឿនលឿន​  ក៍ជ្រុលទៅបុក​និង​រថយន្ត​ឡិចស៊ីស​ ចំកាងមុខ​ចំហៀង​ខាងឆ្វេង​ បណ្ដាលឱ្យ​រថយន្ត​​ធ្លាក់​កាងមុខ​មកដល់ដី​ ។ ចំនែក​អ្នក​ជិះម៉ូតូ​វិញ​ ដួល​រងរបួស​រលាត់ដៃជើង​តិចតួច​ រីឯ​​ម៉ូតូ​រងការខូចខាត​ ក្រឡិត​ថ្នាំ​មួយ​ចំហៀង​ខាងឆ្វេង​ ។

ភ្លាមៗ​នោះ​​ដែរ​ 
ភាគី​ខាងរថយន្ត​បានសុំធ្វើការ​​សម្របសម្រួល​ ដោយ​សុំសងសំនង​ជាលុយ​ចំនួន​១០ដុល្លារ​ អោយ​ទៅ​ខាង​ម៉ូតូ​ តែពេល​នោះ​ខាង​ម៉ូតូ​ដែល​ជិះ​ដោយ​នារី ​២នាក់​មិន​ព្រម​យកនោះ​ទេ​រង់ចាំឱ្យ​បងប្អូន​មកសិន ​ចាំ​ដោះស្រាយ​គ្នា​ ។

ក្រោយ​ពេល​កើតហេតុ​ ​​បន្តិច​ក្រោយ​មក ​ខាង​បងប្អូនខាងនារី ​២នាក់​ បានមក​ដល់​ ស្រាប់​តែ​ស្គាល់​គ្នាជាមួយ​និង​អ្នក​បើកបរ​រថយន្ត​​ថាជាអ្នក​ជិតខាង​និង​គ្នា​  រួច​ហើយ​បានអោយ​ខាង​រថយន្ត​យកម៉ូតូ​ទៅ​ជួយ​ជុល​ វិញ​ដើម្បី​បញ្ចប់​រឿង​ ៕ សហការី KBN-LIVE.com