ជនជាតិអាមេរិកម្នាក់វ័យ ​៦២ឆ្នាំ មានជម្ងឺប្រចាំកាយបានដេកស្លាប់ផ្កាប់មុខ ចោលប្រពន្ធ និងកូនប្រុសតូចម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩​ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៤៤ នៅចំណុចផ្ទះលេខ៧អឺ១ ស្ថិតនៅក្នុងភូមិ៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ ។

សពជនរងគ្រោះមានឈ្មោះ CRAMER STEVN STEWART ភេទប្រុស អាយុ ៦២ឆ្នាំ មានមុខរបរជាគ្រូបង្រៀន ស្នាក់នៅកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ហែម សុគីម ភេទស្រី អាយុ ៣៨ឆ្នាំ ​មានស្រុកកំណើតនៅភូមិស្វាយក្រវ៉ាន់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីប្រពន្ធ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ​ ប្តីរបស់គាត់នៅដើរធម្មតាទេ ​គាត់តែងតែក្អក ហើយប្រពន្ធរបស់គាត់ដេញប្តីរបស់គាត់ឱ្យទៅនៅមន្ទីរពេទ្យ ប៉ុន្តែប្តីគាត់មិនព្រមទៅ លុះពេល​ម៉ោង​ជិត ៩ព្រឹក គាត់ឆ្ងល់ថាហេតុអីបានជាបន្ទប់របស់ប្តីគាត់បើកទ្វារ ក៏ដើរទៅបើកភ្លើងមើលទៅ ក៏ឃើញប្តីរបស់គាត់ដេកស្លាប់ផ្កាប់មុខបាត់ទៅហើយធ្វើអោយគាត់យំស្រែកបោកខ្លួនយ៉ាងខ្លាំង ។

ស្ត្រីជាប្រពន្ធក៏បានបន្តទៀតថា មិនគួរណាប្តីរបស់គាត់ស្លាប់ចោលគាត់យ៉ាងនេះនោះទេ គាត់ស្រលាញ់គ្នាអស់រយៈពេល ​៩ឆ្នាំមកហើយ សព្វថ្ងៃមានតែកូនប្រុសម្នាក់ ​អាយុ ៦ឆ្នាំ សមត្ថកិច្ចកោសលវិច័យបានប្រាប់ថា ជនរងគ្រោះស្លាប់ដោយសារតែ​ជំងឺប្រចាំកាយ ។ ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅដំកល់ នៅមន្ទីរពេទ្យខ្មែរ សូវៀត ៕ សហការី KBN-LIVE.com