ប្រទេសថៃ៖ កាលពីថ្ងៃទី១៧ មិថុនា ២០១៧ មានករណីភ្លើងឆេះរថយន្ត មួយបាំងកន្លះដឹកឧបករណ៍ គ្រឿងសង្ហារឹម ឆ្ពោះទៅខេត្តត្រាត ដោយកើតហេតុនៅលើផ្លូវជាតិចន្លោះខេត្ត ច័ន្ទថាក់បុរី និង ខេត្តត្រាត ។

នៅកន្លែងកើតហេតុ គេប្រទះឃើញរថយន្តមួយបាំងកន្លះ ពណ៌ខៀវចាស់ បើកបរដោយបុរសវ័យចំណាស់ម្នាក់ ឈ្មោះ យុង យុធ អាយុ៥០ឆ្នាំ ដោយរូបគាត់បានប្រាប់ថា មុនកើតហេតុ ខណៈពេលដែលគាត់ កំពុងបើកបរស្រាប់តែឃើញ មានរថយន្តមួយបានបើកមក ទន្ទឹមនិងរថយន្តរបស់គាត់ ហើយបានស្រែកប្រាប់គាត់ថា មានភ្លើងឆេះ ពីក្រោយរថយន្ត ទើបរូបគាត់ឈប់ឡានភ្លាមៗ ហើយបានចេញពីក្នុងឡាន ទៅមើលខាងក្រោយ ស្រាប់តែឃើញសន្ធោសន្ធៅបាត់ទៅហើយ ។

បន្ទាប់មករូបគាត់ ក៏បានព្យាយាមពន្លត់ភ្លើង ព្រមទាំងមានពលរដ្ឋល្អជាច្រើននាក់ បានយកធុងពន្លត់ភ្លើង មកជួយបាញ់ពន្លត់ តែទោះជាយ៉ាងណាក៏ដោយ ភ្លើងនៅតែឆេះសន្ធោសន្ធៅដដែល ។

ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតកកស្ទះចរាចរអស់រយៈពេលជាច្រើនម៉ោង ហើយរថយន្តបានខូចខាតស្ទើតែទាំងស្រុង ។ បើតាមការរៀបរាប់ ពីអ្នកបើកបរបានឲ្យដឹងថា រូបគាត់ជាអ្នករកស៊ីដឹក ឧបករណ៍គ្រឿងសង្ហារឹម ឲ្យអាជីវកម្មមួយ ក្នុងខេត្តរះយ៉ង ដើម្បីដឹកគ្រឿងសង្ហារឹមទាំងនោះ ទៅឲ្យអតិថិជនក្នុងខេត្តត្រាត ហើយពេលមកដល់កន្លែងកើតហេតុ ស្រាប់តែកើតរឿងបែបនេះតែម្តង។

បើតាមការខូចខាត ម្ចាស់រថយន្តបានវាយតំលៃថា រថយន្តខូចខាតក្នុងតំលៃ១០ម៉ឺនបាត ហើយគ្រឿងសង្ហារឹម តំលៃ៥ម៉ឺនបាត ៕

សហការី KBN