ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗ លើស្ពាន៧មករា ខណៈជិះម៉ូតូទៅបុកជាមួយរថយន្ត ចំពីមុខពេញទំហឹង។ ករណីនេះបង្ករភ្ញាក់ផ្អើល កាលពីម៉ោង០១និង៣០នាទី ទាបភ្លឺថ្ងៃទី១៨ មិថុនា ២០១៧ នៅលើស្ពាន៧មករា ភូមិ៨ ក្រុម៣០ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

សពមិនទាន់ស្គាល់អត្តសញ្ញាណឡើយ ប៉ុន្តែនៅក្បែសព មានអត្តសញ្ញាណប័ណ្ណកូបពី មួយសន្លឹកដែលមានឈ្មោះ ផាង គឹមពៅ អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌមានជ័យ និងមានស្រុកកំណើត ឃុំរកាកោង ស្រុកមុខកំពូលខេត្តកណ្តាល។ ចំណែកអ្នកបើករថយន្ត ជាជនជាតិចិន មិនត្រូវបានស្គាល់ឈ្មោះ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ មិនមានប្រភពបញ្ជាក់ច្បាស់លាស់ថា បុរសដែលស្លាប់នេះ ជិះម៉ូតូមកពីទិសដៅខាងណាឡើយ ប៉ុន្តែក្នុងនោះមានមតិ២ផ្ទុយគ្នា ដោយអ្នកខ្លះ បានប្រាប់ថា ម៉ូតូសង់កូរ៉េពណ៌ក្រហម បើកបញ្ច្រាស់ទិសដៅចរាចរណ៍ ដោយបើកឡើង មកតាមផ្លូវកម្ពុជាក្រោមវិញ អ្នកខ្លះទៀតបានប្រាប់ថា ម៉ូតូខាងលើបើកបញ្ច្រាស់ មកពីផ្លូវមុខសកលវិទ្យាល័យភ្នំពេញវិញ គាត់និយាយបែបនេះ ដោយសារឃើញម៉ូតូខូចខាត ផ្នែកខាងមុខទាំងស្រុង ដូចនេះម៉ូតូនិងរថយន្ត មិនអាចបើកស្របគ្នាឡើយ។

ដោយឡែករថយន្ត ដែលបង្ករគ្រោះថ្នាក់នេះ ម៉ាកTOYOTA PRIUS ពណ៌ផ្ទៃមេឃ ស្លាកលេខ ភ្នំពេញ 2AB-8563 ត្រូវបានបញ្ជាក់ប្រាប់ថា បានបើកបរក្នុងទិសដៅ ពីលិចទៅទិសខាងកើត និងបុកម៉ូតូ ចំពីមុខរថយន្តពេញទំហឹង បណ្តាលអោយខ្ទាតទាំងម៉ូតូ និងមនុស្ស ដោយមកជាមួយរថយន្ត ប្រហែល៧០ម៉ែត្រឯណោះ ធ្វើអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗតែម្តង។

ក្រោយហេតុការណ៍កើតឡើង សពបុរសខាងលើ យកទៅដំកល់នៅវត្តអង្គតាមិញ រងចាំសាច់ញាត្តិមកទទួល ដោយឡែកអ្នកបើករថយន្ត រួមទាំងរថយន្តនិងម៉ូតូ បានយកទៅកាន់ការិយាល័យ នគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ៕

សហការី KBN