ខេត្តនគររាជសីមា ប្រទេសថៃ ៖ ហេតុការណ៍មួយបានធ្វើឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី១២ មិថុនា ២០១៧ ដោយម្តាយបង្កើត របស់នារីរងគ្រោះ បានចូលទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលិស ស្រុកដាន់ខុតថត ខេត្តនគររាជសីម៉ា ដោយប្តឹងឪពុកតិរច្ឆាន ដែលចាប់រំលោភ និងវាយធ្វើបាប កូនស្រីបង្កើតខ្លួនឯង ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

រហូតមកដល់ថ្ងៃទី១៣ មិថុនា ២០១៧ ក្រុមប៉ូលិសបានចុះទៅចាប់ខ្លួន ឪពុកបង្កើតតិរច្ឆានរូបនោះ ឈ្មោះ ឆៃ អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងខេត្តខាងលើ មកសួរនាំ តែត្រូវបានជនល្មើស ជាឪពុកបង្កើតបដិសេធរាល់ការចោទប្រកាន់ មិនព្រមសារភាពឡើយ ។

តែទោះជាឪពុកតិរច្ឆានរូបនោះ ខំបដិសេធមិនទទួលស្គាល់កំហុស យ៉ាងណាក៏ដោយ ទីបំផុតត្រូវបានកូនស្រីបង្កើត ដែលជាជនរងគ្រោះបានចេញមកបកអាក្រាត ដោយប្រាប់ប៉ូលិសថា ឪពុករូបនេះពិតជាបានចាប់រំលោភ និងវាយធ្វើបាបមកលើរូបនាង ពិតប្រាកដមែន។ ភ្លាមៗនោះប៉ូលិសក៏បានដាក់ខ្នោះ ឪពុកតិរច្ឆានរូបនោះ នាំខ្លួនទៅឲ្យតុលាការដើម្បី ឃុំខ្លួនរង់ចាំការស៊ើបអង្កេតបន្តទៀត ។

តាមការរៀបរាប់របស់ម្តាយ ជនរងគ្រោះបានឲ្យដឹងថា គាត់តែងតែឃើញកូនស្រីរបស់គាត់យំ ដោយភាពឈឺចាប់ និងមកសុំគាត់ជាម្តាយគេងជាមួយ ជាញឹកញាប់ពេលដែលឪពុកនាង វាយធ្វើបាប តែគាត់មិនបានគិតដល់ រឿងឪពុកចាប់នាងរំលោភនោះឡើយ ។

ស្ត្រីជាម្តាយនារីរងគ្រោះ បានរៀបរាប់បន្តទៀតថា ក្រោយពីមានការសង្ស័យ គាត់ក៏បានសួរទៅកូនស្រី ហើយនាងបានរៀបរាប់ប្រាប់គាត់ថា ឪពុកបានវាយធ្វើបាបលើរូបនាង និងចាប់រំលោភនាងតាំងពីនាង អាយុ១០ឆ្នាំ កំពុងរៀនថ្នាក់ទី៤ រហូតដល់នាងអាយុ១៨ឆ្នាំ ។

ស្ត្រីជាម្តាយបានបន្តថា កូនស្រីបានប្រាប់គាត់ថា នាងបានទ្រាំនិងក្តីឈឺចាប់ អស់រយៈពេល៨ឆ្នាំ ពេលខ្លះនាងចង់សម្លាប់ខ្លួន ហើយពេលខ្លះចង់រត់ចេញ ឲ្យឆ្ងាយពីគ្រួសារ។ ពេលខ្លះនាងរត់ទៅលាក់ខ្លួន នៅផ្ទះមិត្តភក្តិត្រូវបានឪពុកតិរច្ឆាននោះ តាមយកនាងមកវិញ ហើយពេលមកដល់ផ្ទះ ក៏វាយធ្វើបាបនាង និងរំលោភនាងរហូត ។

បើតាមការរៀបរាប់ របស់អ្នកជិតខាងដែល រស់នៅក្បែរនោះបានរៀបរាប់ថា ពួកគាត់មានការសង្ស័យថា ហេតុអ្វីបានជាម្តាយរបស់នារីរងគ្រោះ តែងតែមកទិញថ្នាំពន្យាកំណើត ហើយពេលដែលពួកគាត់សួរនាំ ត្រូវបានម្តាយរបស់នារីរងគ្រោះ ប្រាប់ពីរឿងពិតឲ្យពួកគាត់បានដឹង ។ ក្រោយពីបានដឹងរឿង ពួកគាត់បានជំរុញឲ្យម្តាយ របស់ក្មេងស្រីរងគ្រោះ ទៅប្តឹងប៉ូលិសភ្លាមៗតែម្តង។

ម្តាយរបស់ក្មេងស្រីរងគ្រោះ បានប្តឹងទៅលើប្តីខ្លួន និងជាឪពុកតិរច្ឆានពីបទចាប់រំលោភ ក្មេងស្រីជាអានិតិជន អាយុក្រោម១៨ឆ្នាំ និងវាយធ្វើបាបដោយប្រើអំពើហិង្សាលើស្ត្រីទន់ខ្សោយ ៕

ប្រភព៖ សារព័ត៌មាន ខោស៊ុត
ប្រែសម្រួលដោយ៖ ណារិន KBN