ភ្នំពេញ៖ យុវជនម្នាក់ ខណៈក្រោកពីដំណេក ងូតទឹកហូបបាយពេលព្រឹកហើយ បម្រុងចូលធ្វើការ ស្រាប់តែមានអាការៈក្អូតចង្អោរ រហូតឈានដល់សន្លប់ត្រូវបានបងប្អូនដឹកតាមកង់បី មកសង្គ្រោះនៅមន្ទីរពហុព្យាបាល និងសម្ភព អង្គរធំ ពេលមកដល់ពេទ្យ បានដាក់ឧកស៊ីសែន ជំនួយតែអកុសល់យុវជនខាងលើ ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ករណីនេះ បង្ករភ្ញាក់ផ្អើល ដល់សមត្ថកិច្ច កាលពីម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ និងបានចុះទៅពិនិត្យសពខាងលើ នៅក្នុងវត្តទឹកថ្លា ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សពឈ្មោះ ឈន់ សុជាតិ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅកន្លែងធ្វើការ ផ្ទះលេខ៦៥អឺសេរ៉ូ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ប្រភពពីយុវជនឈ្មោះ ខេន គា អាយុ ១៨ឆ្នាំ ត្រូវជាក្មួយបង្កើតសព បានប្រាប់ថា កាលពីម៉ោង០៦និង៤០នាទី ពួកគាត់បានក្រោកពីដេក ហើយទៅងូតទឹកហូបបាយ ពេលព្រឹកធម្មតាហើយបម្រុងចូលធ្វើការ ស្រាប់តែមានអាការៈក្អូតចង្អោរ រហូតដល់សន្លប់បាត់បង់ស្មារតី ពេលនោះត្រូវបានបងប្អូន ដឹកតាមរឺម៉កកង់បី មកសង្គ្រោះនៅមន្ទីរពហុព្យាបាល និងសម្ភព អង្គរធំ ពេលមកដល់ពេទ្យ បានដាក់អោយដេកលើគ្រែ និងឧកស៊ីសែនជំនួយ តែអកុសល់យុវជនខាងលើដាច់ខ្យល់ស្លាប់បាត់ទៅហើយ (ដោយខាងមន្ទីរពេទ្យមិនទាន់ទាំងចាក់ថ្នាំ និងសេរ៉ូមអោយផង) ។

ប្រភពបានប្រាប់ទៀតថា ក្រោយមកបងប្អូនបានដឹកសព យកមកដំកល់នៅក្នុងវត្តទឹកថ្លា តែដោយសារការស្លាប់របស់យុវជខាងលើ វាហាក់បីដូចលឿងពេក ធ្វើអោយបងប្អូនសពមិនអស់ចិត្តនិងការស្លាប់នេះ ក៍សុំអោយអាជ្ញាធរមូលដ្ឋាន ចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើឡើងវិញ ។

តាមការបញ្ជាក់របស់លោកវិជ្ជបណ្ឌិត ភោគ សុវណ្ណ នៅមន្ទីរពហុព្យាបាល និងសម្ភព អង្គរធំ បានប្រាប់បណ្តាញព័ត៌មានថា នៅព្រឹកមុនកើតហេតុ ពេលដែលគាត់នៅប្រចាំការបានឃើញ
យុវជនខាងលើ ត្រូវបានសាច់ដឹកតាមរឺម៉កកង់បីចូលមកកាន់មន្ទីរពេទ្យ ដោយសារឃើញសភាពដងខ្លួននៅទន់ ពេលនោះគាត់បានអោយសាច់ញាតិយកចេញពីកង់បី និងលើកដាក់លើប្លង់ការុញចូលមកក្នុងពេទ្យ និងបានជួយធ្វើចលនាបេះដូងបន្ថែម ដោយមានដាក់ឧកស៊ីសែនជំនួយផង តែមិនអាចជួយបានឡើយ ដោយសារយុវជនខាងលើស្លាប់បាត់ទៅហើយ ។

ក្នុងករណីខាងលើនេះ ក្រោយពីក្រុមគ្រួសារសព រាយការណ៍អោយសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យសមត្ថកិច្ចជំនាញ របស់ការិយាល័យនគរបាលបច្ចេកទេស និងវិជ្ជសាស្ត្ររាជធានីភ្នំពេញចុះមកពិនិត្យសាកសពខាងលើភ្លាមៗ និងតាមកាពិនិត្យរបស់លោកឧកញ្ញាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានប្រាប់ថា សពស្លាប់ដោយសារគាំងបេះដូងដោយខ្លួនឯង(ខ្យល់គ)ក្រោយពិនិត្យរួចបានប្រគល់សព អោយបងប្អូនដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតវិញ ៕ សហការី KBN-LIVE.com