ភ្នំពេញ៖ ស្ត្រីជាកម្មករសំណង់ម្នាក់ កំពុងធ្វើការក្នុងការដ្ឋានសំណង់ ហើយដើរទៅបិទកុងតាក់ភ្លើង ដៃសើមទឹកក៏ស្រូបឆក់បណ្ដាលឱ្យឆ្លងចរន្តភ្លើង ក៏ឆក់ដួលផ្ងាជើងបោកក្បាលសន្លប់ស្ដូក ទើបមានកម្មករសំណង់ដូចគ្នាសែងចុះមកកប់ដីខ្សាច់ តាមក្បូនបុរាណបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសាងសង់ ភី អេស គ្រីស្តាល់ ខុនដូរមីនៀម តាមផ្លូវ១០បេតេ ស្ថិតនៅភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ជុំ ស្រីញ៉ាញ់ ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព២ ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

បើតាមសំដីបុរសជាប្ដីជនរងគ្រោះមានឈ្មោះ ឈិន ជីវ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា បានប្រាប់ថា ដោយមុនកើតហេតុប្រពន្ធគាត់កំពុងធ្វើការនៅជាន់ទី ១៣ហើយបានដើរទៅបិទកុងតាក់ភ្លើង ដោយដៃប្រពន្ធសើមផង ពេលលូកដៃស្ដាំបិទមិនទាន់បានបិទផង ក៏ត្រូវខ្សែភ្លើងស្រូបឆក់ ប្រពន្ធគាត់ស្រែកឱ្យជួយ រួចដួលសន្លប់ស្ដូក ហើយត្រូវបានកម្មករសំណង់នាំគ្នាជួយសែង លើកមកដល់ក្រោម ដើម្បីយកខ្សាច់កាប់ និងដាក់ទឹកស្អុំរង់ចាំរថយន្តសង្រ្គោះ មកដឹកយកទៅមន្ទីរពេទ្យ ។

ប្រហែលជាកន្លះម៉ោងក្រោយមក ទើបមានរថយន្តសង្រ្គោះមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(ពេទ្យរស្សុី)មកដឹកយកប្រពន្ធគាត់ទៅសង្រ្គោះ ហើយនិងស្នើសុំអោយខាងមេការនៅការដ្ឋាន ឱ្យជួយដោះស្រាយលុយកាក់ថ្ លៃព្យាបាលផងដោយគាត់គ្មានលុយមួយកាក់១សេនទេ ហើយក៏មិនប្ដឹងផ្ដល់ដល់សមត្ថកិច្ចមូលដ្ឋានដែរ ៕ សហការី KBN-LIVE.com