ភ្នំពេញ​ ៖ រថយន្ត​ក្រឡុក​​បេតុង​ របស់​ក្រុមហ៊ុន​ លាយបេតុង​ ហ្គោល​ឌីន​ ប៊ី​ អេស​ធី​ ខូអិលធីឌី​ បានបើកបុក​ម៉ូតូ​​ជិះ​ដោយ​បុរស​ពីរ​នាក់​ពី​ក្រោយ ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ ទាំង​ពីរ​នាក់ ​ហើយ​អ្នក​បើកបរ​រថយន្ត ​មិនបាន​ឈប់​ដោះស្រាយ​នៅកន្លែង​កើតហេតុ​នោះ​ទេ​ គឺ​បាន​ព្យាយាម​បើក​រថយន្ត​រត់​បត់​ត្រឡប់​វិញ​ ជ្រុល​ទៅ​បុក​និង​ផ្ទះ​លក់​បាយ​របស់​ប្រជាពលរដ្ឋ​ បណ្ដាលឱ្យ​រងកាខូចខាតមួយ​ចំនួន​ធំ​ ។​ 

ហេតុ​ការណ៍​នេះ​បានកើតឡើង​នៅ​វេលា​ម៉ោង​១០និង​៤០នាទីយប់ ​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ចំនុច​ស្តុប​បញ្ញាស​សក្តិ​ ផ្លូវ​២៧១​កែង​និង​ផ្លូវ​៣៧១​ ភូមិ​ក្បាល​ទំនប់​ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ។ ជនរងគ្រោះ​ដែរ​រងរបួស​ធ្ងន់​ទាំង​ពីរ​នាក់​ មិនទាន់​ឱ្យស្គាល់​អត្តសញ្ញាណ​នៅឡើយទេ​ គ្រាន់តែ​ដឹងថា​ ជិះម៉ូតូ​ម៉ាក​ហុងដាឌ្រីម​​​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CO-7446 ។

តាម​ប្រភព​ព័ត៌មាន ​ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ​ គេ​បានឃើញ​ បុរស​រងគ្រោះ​ទាំង​ពីរ​នាក់ ​បានជិះម៉ូតូ​ម៉ាកហុងដាឌ្រីម​​ ស៊េរី​ឆ្នាំ​២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1CO-7446 បានធ្វើដំណើរតាមផ្លូវ​ ៣៧១ ​ក្នុង​ទិសដៅ​ពី​លិច​ទៅកើត​ ខណៈមកដល់​ចំនុចកើតហេតុ​ អ្នក​បើកម៉ូតូ​បានបត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​២៧១​ ខណៈ​ពេល​នោះ​ ក៍ស្រាប់​តែមាន​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ស្រា​ បានបើករថយន្ត​ក្រឡុក​បេតុង របស់​ក្រុមហ៊ុន​ លាយបេតុង​ ហ្គោល​ឌិន​ ប៊ី​ អេស​ ធី​ ខូអិលធីឌី​ ម៉ាក​ SINOTRUK ពណ៌​ខៀវ​ចាស់ ​លាយ​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 5A-0962 បានធ្វើដំនើរតាមផ្លូវ​ទិសដៅ​ស្របគ្នា​ ក្នុងល្បឿនលឿន​ ក៍ជ្រុលទៅបុក​និង​ម៉ូតូ​ ដែល​ជិះ​ដោយ​បុរស​ ២នាក់ ​ចំពី​ក្រោយ​ពេញទំហឹង កិនអូសពីលើម៉ូ​តូ​ ធ្វើ​ឱ្យអ្នក​បើកម៉ូតូ​រងរបួស ​បែក​ប្រអប់ដៃ​ខាង​ឆ្វេង​ ចំនែក​អ្នកអង្គុយ​ខាងក្រោយ​រងរបួសសន្លប់​ស្ដូកស្ដឹង ។

​ទាំង​ពីរ​នាក់​ត្រូវ​បានរថយន្ត​សង្គ្រោះ ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ ម៉ូតូ​រងការខូចខាត​ខ្ទេចខ្ទី​មួយ​កំណាត់​ ។ ដោយ​ឡែក​អ្នក​បើកបរ​រថយន្ត​បង្ក ​ឃើញ​ស្ថានភាព​បែប​នេះ​ បានបន្ថែម​ល្បឿន​បួងចង្កូត ​បត់ត្រឡប់​ក្រោយ ​ដើម្បី​រត់​គេច​ចូល​ទៅ​ក្រុម​ហ៊ុន​វិញ​មាន ចម្ងាយ១០០ម៉ែត្រ​ពី​កន្លែង​កើត​  ស្រាប់​តែ​អ្នក​បើកបរ​រថយន្ត​ បាន​បើកទ្វារ​រថយន្ត​លោតចុះ​ចោល​ចង្កូត ​រត់​ចូល​ទៅក្នុង​ក្រុម​ហ៊ុន​បាត់​ស្រមោល ដោយបន្សល់​ទុក​រថយន្ត​ដែល​មិន​ទាន់​អស់​ល្បឿន ​ក៍ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​បាយ​របស់​ប្រជាពលរដ្ឋ​ ដែល​នៅ​ក្បែរ​ក្រុមហ៊ុន​នោះ​ 
បណ្តាល​អោយ​រងការខូចខាត​សំភារៈ​ ចា​ន​ ឆ្នាំ​ង​ តុ​ទូ​ កៅអី​ និង​ម្ហូប​អាហារ​ អស់​មួយ​ចំនួន​ធំ ​​តែ​សំណាង​ល្អ ​មិន​គ្រោះថ្នាក់​ដល់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ ។ 

​​ចំណែក​ម្ចាស់​ផ្ទះ​វិញ ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ ក្រុម​គ្រួសារ​របស់​គាត់​បាន​បើកទ្វារ​ផ្ទះ​ រួច​ហើយ​នាំគ្នា​ចូល​ដេក​អស់​ ខណៈ​នោះ​ក៍តែឮសំឡេង​គ្រាំង​ ចូល​ទៅ​ដល់ក្បាល​គ្រែ​របស់​គាត់​ លុះ​ពួក​គាត់​ក្រោក​ឡើង​ ស្រាប់​តែ​ឃើញ​រថយន្ត​ ក្រឡុក​បេតុង​នោះ​ ចូល​ទៅ​ដល់​ក្នុង​ផ្ទះ​គាត់​បាត់​ទៅ​ហើយ​ ។ ប្រភព​ដដែល​បាន​បន្ត​បន្តទៀត​ នេះ​សំណាង​ល្អ​ហើយ​ ការបុក​ចូល​ផ្ទះរបស់​គាត់​​នេះ គឺ​ខ្វះ​តែ​កន្លះ​ម៉ែត្រ​ទៀត​ កុំអីច្បាស់​ជាមាន​អ្នក​រងរបួស​ធ្ងន់​ អាច​បណ្ដាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ផង​ដែរ​ ។ 

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ និងជំនាញបានចុះ​ទៅដល់​កន្លែង​កើតហេតុ​ រួច​ហើយ​បានធ្វើ​ការ​វាស់​វែង ​រួច​យក​រថយន្ត​ និង​ម៉ូតូ​យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​អោយ​ម្ចាស់​ក្រុមហ៊ុន​ចូល​ខ្លួន​ទៅ​ធ្វើការ​ដោះស្រាយ​  ៕ សហការី KBN-LIVE.com