ប្រទេសថៃ៖ កាលពីថ្ងៃ១៥ មិថុនា ម្សិលមិញនេះ មានឧប្បទ្ទវហេតុមួយកើតឡើង នៅលើផ្លូវជាតិលេខ៣០៤ ចន្លោះស្រុកថាំងណាមខៀវ និងដនខ្វាវ ក្បែរបង្គោលព្រំដែន 242-243 ផ្លូវចូលទៅកាន់ខេត្តនគររាជសីម៉ា ដោយរថយន្តដឹកសាំងមួយគ្រឿង បានក្រឡាប់នៅទីនោះ ធ្វើឲ្យប្រជាជននាំគ្នា ផ្អើលឈូរឆ មកដួសប្រេងសាំងយកទៅទុកប្រើ ហើយក្នុងគ្រោះថ្នាក់នេះ បានធ្វើឲ្យរបួសមនុស្ស២នាក់ផងដែរ។

បន្ទាប់ពីកើតហេតុ ក្រុមប៉ូលិសបានចូលទៅដល់ បានឃើញរថយន្តធន់ធ្ងន់ កង់២២ ដែលបានដឹកសាំងចំណុះ ៤២,០០០លីត្រ ឆ្ពោះទៅខេត្តនគររាជសីមា តែសំណាងអាក្រក់ត្រូវបានក្រឡាប់ នៅកន្លែងកើតហេតុខាងលើ ដោយសារតែអ្នកបើកបរ បើកក្នុងល្បឿនលឿនហួសកំណត់ ហើយធ្វើឲ្យអ្នកបើកមិនអាចគ្រប់គ្រងរថយន្តនោះបាន ទើបបណ្តាលឲ្យរថយន្តទៅបុក បង្កាន់ដៃផ្លូវនៅចិញ្ចើមថ្នល់ ហើយក្រឡាប់តែម្តង ។

ក្នុងពេលដែលរថយន្តក្រឡាប់ បានបានធ្វើឲ្យធ្លាយសាំង ចេញមកក្រៅហូរពាសពេញផ្លូវ ធ្វើឲ្យប៉ូលិសបិទចរាចរណ៍ កកស្ទះយ៉ាងខ្លាំង ។ យ៉ាងណាមិញ មានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ជាច្រើនបាននាំគ្នា សម្រុកចូលទៅយកសាំងនោះទុកប្រើប្រាស់ ដោយមិនគិតពីគ្រោះថ្នាក់ដល់ជីវិតឡើយ ទោះបីជាប៉ូលិសខំហាមឃាត់យ៉ាងណាក៏ដោយ ។

ប៉ូលិសបាននាំរថយន្តស្ទូច មកស្ទូចរថយន្តនោះចេញ ហើយបានរៀបរយផ្លូវ ធ្វើដំណើរបានធម្មតាឡើងវិញ ដោយចំណាយអស់រយៈពេលជាច្រើនម៉ោង ៕