កាលពីពេលថ្មីៗនេះ កាសែតបរទេស The Mirror បានចុះផ្សាយហេតុការណ៍ រួមទាំងវីដេអូឃ្លីប ដ៏រន្ធត់មួយខណៈពេលដែលស្ពានយោលមួយ ស្ថិតនៅក្នុងទីក្រុង Tosagua ប្រទេសអេក្វាឌ័រ បានដាច់ខ្សែរភ្លាមៗ យ៉ាងលឿនដូចផ្លេកបន្ទោរ បណ្តាលឲ្យអ្នកទេសចរណ៍ជាច្រើន រួមទាំងក្មេងៗផង សរុបទាំងអស់៣២នាក់ បានធ្លាក់ចូលទៅក្នុងទឹកស្ទឹង បណ្តាលឲ្យរងរបួសស្រាល និងធ្ងន់ជាច្រើននាក់ ។

បើតាមសេចក្តីរាយការណ៍ពីព័ត៌មានក្នុងស្រុក បានឲ្យដឹងថា មុនពេលកើតហេតុ គ្រួសាររបស់ក្មេងៗ និងភ្ញៀវទេសចរណ៍ និងក្មេងៗប្រុសស្រីជាច្រើន នៅក្នុងតំបន់នោះ បានឡើងទៅលើស្ពានយោល ដើម្បីទស្សនាទូក ដែលបណ្តែតនៅតាមដងស្ទឹង និងទេសភាពដងស្ទឹងផងដែរ។

ដោយសារតែស្ពាននោះមាន អាយុ១០ឆ្នាំហើយ ហើយមិនមាននរណាម្នាក់ ចាប់អារម្មណ៍ពីបញ្ហាគ្រោះថ្នាក់នេះឡើយ ស្រាប់តែពេលដែលមនុស្សកំពុងតែឈរ បណ្តែតអារម្មណ៍ជាមួយនិងទេសភាព និងខ្យល់បរិសុទ្ធនោះ ស្រាប់តែដាច់ខ្សែរលឿនដូចផ្លេកបន្ទោរ ធ្លាក់មនុស្សចូលក្នុងស្ទឹង ទាំងអស់គ្នាតែម្តង ។

ហេតុការណ៍នេះ មានមនុស្សចំនួន៣២នាក់ បានរងរបួសដោយសារ ធ្លាក់ចូលក្នុងទឹកស្ទឹង ក្នុងនោះមាន ប្រុស១៣នាក់ និងស្រី១៩នាក់ ព្រមទាំងក្មេងៗ១០នាក់ ។ ក្រោយពីកើតហេតុការណ៍ភ្លាមៗ ក្រុមជួយសង្គ្រោះបានមកដល់ និងជួយមនុស្សបានភ្លាមៗផងដែរ ដោយគ្មាននរណាម្នាក់ បាត់បង់ជីវិតឡើយ ។

ប្រជាពលរដ្ឋក្នុងតំបន់នោះ បានប្រាប់អ្នកកាសែតថា ស្ពាននោះមានអាយុកាល ប្រហែលជាង១០ឆ្នាំមកហើយ ហើយអាចទទួលបានទម្ងន់ ១,៥តោនតែប៉ុណ្ណោះ ដោយកាលពីមុន ធ្លាប់កើតមានគ្រោះថ្នាក់ដូចករណីខាងលើនេះ ម្តងរួចមកហើយ តែត្រូវបានគេជួសជុលថ្មី ហើយបានដាក់ឲ្យប្រើប្រាស់សារជាថ្មី ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ម្តងទៀតកើតឡើង ៕

ប្រភព៖ The Mirror
ដោយ៖ ណារិន KBN