ឈីកាហ្គោ៖ មន្ត្រី​ប៉ូលិស​អាមេរិក​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ មាន​និស្សិត​អាហារូបករណ៍​ចិន​ម្នាក់​ បាន​បាត់​ខ្លួន​ពី​សកលវិទ្យាល័យ​ UIUC​ ក្នុង​ទីក្រុង​ Urbana​ រដ្ឋ​ Illinois​ ប្រទេស​អាមេរិក​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ xinhua បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៧។

មន្ត្រី​ប៉ូលិស​ស៊ើប​អង្កេត​អាមេរិក​ FBI​ បាន​និយាយ​ប្រាប់​ថា​ និស្សិត​អាហារូបករណ៍​ដែល​បាន​បាត់​ខ្លួន​ឈ្មោះ​ Zhang Yingying ភេទ​ស្រី​ អាយុ​ ២៦ឆ្នាំ​ គឺ​ជា​ករណី​ចាប់​ជំរិត​។ មន្ត្រី​ប៉ូលិស​ បាន​បន្ត​ទៀត​ថា​ នាង​ពាក់​មួក​កីឡា​បាល់បោះ​ពណ៌​ខ្មៅ​ អាវ​ពណ៌​ផ្កាឈូក​លាយ​ស ជា​មួយ​ខោវប៊យ​ពណ៌​ស​ ស្បែក​ជើង​វៃ​កូន​បាល់​(Tennis) និង​ស្ពាយ​កាបូប​ពណ៌​ខ្មៅ​។

គួរ​រម្លឹក​ផង​ដែរ​ថា​ មន្ត្រី​ FBI​ បាន​កំណត់​មុខ​ជនសង្ស័យ​ ដែល​បាន​ចាប់​ជំរិត​និស្សិត​ស្រី​ខាង​លើ​ហើយ​ គឺ​ជា​មនុស្ស​ប្រុស​ស្បែក​ស​ ដែល​បាន​និយាយ​គ្នា​ជា​មួយ​នាង​ចុង​ក្រោយ​នៅ​ក្នុង​ឡាន​របស់​គាត់​ នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ​៕ ផ្ដល់សិទ្ធដោយ៖ Kqube