កិច្ចសហការផ្តើមចេញពី ការបរិច្ចាគមួយលានដុល្លារអាមេរិក ដល់អង្គការ WWF និងយុទ្ធនាការដែលដឹកនាំ ដោយប្រព័ន្ធឌីជីថល ដែលប្រើប្រាស់អនុភាពនៃសិល្បៈ ដើម្បីលើកកំពស់ការយល់ដឹង និងការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់

កម្ពុជា៖ ថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2017 – ស្រាបៀរថៃហ្គ័រ និងអង្គការ WWF នឹងអំពាវអំនាវមនុស្សនៅទូទៅពិភពលោកជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ និងជាផ្នែកមួយនៃយុទ្ធនាការ 3890Tigers ដែលជាយុទ្ធនាការដែលដឹកនាំដោយប្រព័ន្ធឌីជីថល ដែលលាតត្រដាងពីសិល្បៈ និងការច្នៃប្រឌិតដើម្បីបង្កើនការយល់ដឹងជាសកលអំពីស្ថានភាពរបស់សត្វខ្លាធំ។
យុទ្ធនាការ 3890Tigers គឺជាផ្នែកមួយនៃកិច្ចសហការជាសាកលរយៈពេលប្រាំមួយឆ្នាំរវាងស្រាបៀរ Tiger និងអង្គការ WWF ក្នុងការគាំទ្រដល់ការប្តេជ្ញាចិត្តជាសកល Tx2 ដែលធ្វើឡើងដោយបណ្តារដ្ឋាភិបាលនៃប្រទេសចំនួន 13 ដែលមានសត្វខ្លាធំក្នុងគោលបំណងបង្កើនចំនួនសត្វខ្លាធំរបស់ពិភពលោកឲ្យបាន 6,000 ក្បាលត្រឹមឆ្នាំ 2022 ។ កិច្ចសហការរយៈពេលប្រាំមួយឆ្នាំនេះបានចាប់ផ្តើមនៅឆ្នាំ 2017 ដោយទទួលបានអំណោយបរិច្ចាគជាទឹកប្រាក់ 1 លានដុល្លារអាមេរិកពីស្រាបៀរថៃហ្គ័រ។

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោម 13 ប្រទេសដែលមានសត្វខ្លាធំហើយរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការបង្កើនចំនួនសត្វខ្លាធំទូទាំងពិភពលោកដោយអនុម័តផែនការសកម្មភាពសម្រាប់សត្វខ្លាធំនៃប្រទេសកម្ពុជា ដែលផ្តោតលើការនាំសត្វខ្លាធំទៅកាន់តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។

សត្វខ្លាធំគឺជាប្រភេទសត្វជិតផុតពូជនៅទូទាំងពិភពលោក។ ចំនួនសត្វខ្លាធំបានធ្លាក់ចុះ 96 ភាគរយនៅក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះចាប់ពី 100,000 ក្បាលរហូតដល់ 3,890 ក្បាលសព្វថ្ងៃនេះ។ ការជួញដូរសត្វខ្លាធំដោយខុសច្បាប់គឺជាហេតុផលសំខាន់មួយដែលកំពុងធ្វើឲ្យបាត់បង់សត្វខ្លាធំ។ ជារៀងរាល់ឆ្នាំ សត្វខ្លាធំជាងមួយរយក្បាលត្រូវបានសម្លាប់ និងផ្នែករបស់សត្វខ្លាធំត្រូវបានដាក់លក់រកប្រាក់ចំណេញ ដែលភាគច្រើនជួញដូរតាមរយៈសហគ្រាសឧក្រិដ្ឋជនអន្តរជាតិ។

គ្រប់ផ្នែកនៃសត្វខ្លាធំចាប់ពីស្បែករហូតដល់ឆ្អឹង ព្រុយ និងធ្មេញ ត្រូវបានធ្វើអាជីវកម្ម និងប្រើប្រាស់ដើម្បីធ្វើផលិតផលដូចជាឱសថ គ្រឿងលម្អផ្សេងៗ និងវាយនភណ្ឌ។បច្ចុប្បន្ននេះការជួញដូរសត្វខ្លាធំដោយខុសច្បាប់និងបញ្ហាធំនៃការជួញដូរសត្វព្រៃរកប្រាក់បានប្រមាណជា 20 ពាន់លាន*ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនាមជាសត្វមំសាសីកំពូលនៅក្នុងខ្សែសង្វាក់អាហារ សត្វខ្លាធំដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាប្រព័ន្ធអេកូឡូស៊ីឲ្យបានល្អដែលគាំទ្រប្រភេទសត្វជាច្រើនទៀត។ ពួកវានឹងរលាយបាត់ឆាប់ៗប្រសិនបើមិនបានចាត់វិធានការអ្វីមួយ និងបើគ្មានសត្វខ្លាធំនៅក្នុងប្រព័ន្ធអេកូឡូស៊ី ប្រភេទសត្វដទៃទៀតច្រើនឥតគណនានឹងត្រូវបានប៉ះពាល់។

ដោយបង្កើនអនុភាពនៃសិល្បៈ ស្រាបៀរថៃហ្គ័របាននាំយកសិល្បករចំនួនប្រាំមួយនាក់មកពីបណ្តាប្រទេសចំនួនប្រាំមួយផ្សេងៗគ្នាដើម្បីបញ្ចេញគំនិតច្នៃប្រឌិត និងបង្កើតស្នាដៃសិល្បៈពិសេសល្អឯក។ ដោយប្រើប្រាស់ Tiger Art Intelligence ដែលជាយន្តការឌីជីថលប្រកបដោយការច្នៃប្រឌិតដែលផ្អែកទៅលើគោលការណ៍ស្តីពីសិល្បៈបញ្ញា (AI) ឥឡូវនេះសាធារណជនអាចសហការជាមួយសិល្បករទាំងនេះក្នុងការបង្កើត និងចែករំលែកស្នាដៃសិល្បៈគួរឲ្យទាក់ទាញទាំងនេះ។ សិល្បៈថតសែលហ្វីនីមួយៗដែលបានបង្កើតឡើងដោយ AI បង្ហាញពីរូបសែលហ្វីរបស់អ្នកប្រើជាមួយនឹងរូបសត្វខ្លាធំនៅក្នុងរចនាប័ទ្មសិល្បៈនៃសិល្បករម្នាក់ក្នុងចំណោមសិល្បករប្រាំមួយនាក់។

លោក Roland Bala នាយកគ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមិនអាចស្រមៃមើលថា ពិភពលោកគ្មានសត្វខ្លាធំទេ ហើយវាជាកិត្តិយសសម្រាប់យើងចាប់ដៃគូជាមួយអង្គការ WWF គាំទ្រកិច្ចប្រឹងប្រែងអភិរក្ស។ ប្រសិនបើសត្វខ្លាធំបាត់បង់ នោះវាត្រឹមតែមានផលប៉ះពាល់ដល់បរិស្ថាន ប៉ុន្តែថែមទាំងជាការបាត់បង់ពិតប្រាកដសម្រាប់វប្បធម៍របស់យើង។ សត្វខ្លាធំគឺជាសត្វស្រស់ស្អាតដែលជានិមិត្តរូបនៃកម្លាំង ភាពក្លាហាននិងអំណាច ហើយជាទូទៅសិល្បៈជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សត្រូវបានបំផុសឡើងចេញពីសត្វខ្លាធំ។ នោះហើយជាមូលហេតុដែលយើងបានជ្រើសរើសសិល្បៈជាវិធីមួយដើម្បីបង្ហាញរឿងនេះរួមគ្នាជាមួយអតិថិជនរបស់យើង។ តាមរយៈយុទ្ធនាការ 3890Tigers យើងកំពុងប្រមូលផ្តុំមនុស្ស និងសិល្បកររួមគ្នាតាមរយៈបច្ចេកវិទ្យា ហើយគោលដៅរបស់យើងគឺដើម្បីប្រើសិល្បៈដើម្បីផ្តល់អំណាចដល់ជំនាន់យុវវ័យដើម្បីប្រកាន់ជំហប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់”។​

លោក ឈិត សំអាត នាយកអង្គការ WWF ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “សត្វខ្លាធំជាប្រភេទសត្វនិមិត្តរូប និងជាផ្នែកមួយនៃបេតិកភ័ណ្ឌធម្មជាតិរបស់យើង។ ការនាំយកសត្វខ្លាធំត្រឡប់ទៅប្រទេសកម្ពុជាវិញនឹងជាកិច្ចអភិរក្សដ៍ធំបំផុត ហើយនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សតំបន់ទេសភាពទាំងមូល។ មានបញ្ហាប្រឈមជាច្រើន រួមមានការបរបាញ់ ការដាក់អន្ទាក់ ការកាប់ឈើខុសច្បាប់ ការរុករករ៉ែ និងការអភិវឌ្ឍគ្មាននិរន្តរភាពផ្សេងទៀតដែលត្រូវការដោះស្រាយដើម្បីធ្វើឱ្យទេសភាពនេះជាតំបន់ការពារលំដាប់ថ្នាក់ពិភពលោកមុនពេលដោះលែងសត្វខ្លាធំចូលទៅក្នុងតំបន់នេះ។ យើងប្តេជ្ញា ក្នុងការសម្រេចគោលដៅ Tx2 និងសង្ឃឹមថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខដើម្បីធ្វើឱ្យគម្រោងនេះក្លាយជាការពិតនោះ។”

ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ សាធារណជនអាចចូលទៅកាន់គេហទំព័រ៖3890Tigers.com ដើម្បីអាប់ឡូដថតរូបសែលហ្វី ហើយនិងជ្រើសរើសសិល្បករមួយសហការជាមួយដើម្បីបង្កើតសិល្បៈថតរូបសែលហ្វីមួយប្រភេទដែលបង្កើតដោយ AI។ មិនថាវាជាសិល្បៈដងវិថី និងអក្សរផ្ចង់ដ៏អាថ៌កំបាំង គំនូរដោយប្រើថ្នាំលាប និងទឹកថ្នាំ ឬរូបឥន្ធនូ មនុស្សអាចជ្រើសរើសពីរចនាប័ទ្មសិល្បៈរបស់ Hua Tunan របស់ប្រទេសចិន Mademoiselle Maurice របស់បារាំង Kenji Chai របស់ម៉ាឡេស៊ី Nookt របស់រុស្ស៊ី Nick Gentry របស់ចក្រភពអង់គ្លេស Tran Nguyen របស់សហរដ្ឋអាមេរិកដើម្បីបង្កើតសិល្បៈថតរូបសែលហ្វីរបស់គេ។

ដោយការចែករំលែកសិល្បៈថតរូបសែលហ្វីទាំងនេះនៅលើបណ្តាញសង្គមដោយប្រើសញ្ញា hashtag #3890Tigers សហគមន៍សាកលអាចសន្យាថានឹងជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់ និងជួយបញ្ឈប់តម្រូវការផលិតផលធ្វើពីផ្នែកនៃសត្វខ្លាធំ។

ដើម្បីជំរុញដោះស្រាយស្ថានភាពនេះជាបន្ទាន់ ស្រាបៀរល្បីល្បាញមកពីតំបន់អាស៊ីនឹងយកចេញរូបសត្វខ្លាធំពីស្លាកសញ្ញារបស់ខ្លួន និងបង្ហាញពីម៉ូដរចនាពិសេសលើការវេចខ្ចប់ដោយគ្មានរូបសត្វខ្លាធំជាលើកដំបូងក្នុងរយៈពេល 84 ឆ្នាំ ដែលជានិមិត្តសញ្ញាគំរាមកំហែងដល់សត្វខ្លាធំ ដែលកំពុងតែបាត់បង់។

សូមចួលរួមក្នុងយុទ្ធនាការនេ។ សូមចូលទៅកាន់គេហទំព័រ៖ 3890tigers.com និងលាតត្រដាងពីសិល្បៈក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វខ្លាធំដោយខុសច្បាប់៕