រាជធានី​ភ្នំពេញ​៖​ ក្រោយ​ពី​មាន​ចំណោទ​បញ្ហា និង​​​ការ​ងឿង​ឆ្ងល់​​ពី​​សាធារណ​ជន​ជា​ច្រើន ពិសេស​អ្នកលេង​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ លើ​ការ​តែងតាំង​​ ពិធីករ​ពូកែ​​វោហារសាស្ត្រ​​​លោក​ ឃឹម វុទ្ធី​ ជា​អគ្គនាយក​ថ្មី​ បន្ត​ពី​ លោក កឹម គុណវឌ្ឍន៍​ ហើយ​​​​រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​ មិន​​ដឹង​នោះ​​​ សម្តេច​តេជោ​​បាន​ចេញ​សារ​បំភ្លឺ​មួយ នៅ​​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​មុន​នេះ​បន្តិច​។

ការ​បញ្ចេញ​សំណេរ​បំភ្លឺ​ពាក់ព័ន្ធ​ការ​តែងតាំង​លោក​ ឃឹម វុទ្ធី​ ជា​អគ្គនាយក​ ទទក​ ថ្មី នៅ​រសៀល​ថ្ងៃទី​ ១៣ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ គេ​សង្កេត​ឃើញ​ថា សម្តេចតេជោ​ ហ៊ុន សែន​ បាន​ប្រើ​ពាក្យ​សម្តី​ហាក់​ធ្ងន់​ៗ​​បន្តិច​ដាក់​មក​លើ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​​ ឯកឧត្តម ខៀវ កាញារីទ្ធ​។

សំណេរ​នោះ​មាន​ខ្លឹមសារ​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា ៖​ “​​​​តើ​នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​បដិសេធ ​សំណើ​របស់​រដ្ឋមន្ត្រី​ក្នុង​ការ​សុំ​​តែង​តាំង​មន្ត្រី​ឬ​ទេ?​ហើយ​នាយក​រដ្ឋមន្ត្រី​មាន​សិទ្ធិ​ជ្រើសរើស​មន្ត្រីជំនួស​មន្ត្រី​ដែល​ខ្លួន​មិន​ឯកភាព​​ឬ​ទេ?​ តើ​នាយករដ្ឋមន្ត្រី​មាន​ការ​ចាំ​បាច់​អង្គុយ​រង់​ចាំ​ពិគ្រោះ​ជាមួយ​​រដ្ឋមន្ត្រី​ដែល​ហៅ​ទូរស័ព្ទ ៥​ ដង​​មិន​ចូល​ឬ​ទេ​​?

និង​នាយករដ្ឋមន្ត្រី​​ ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋមន្ត្រី​​ក្រសួង​មុខងារ​សាធារណៈ​ដែល​ជា​អ្នក​ធ្វើ​សំណើ​តាម​ការ​ស្នើសុំ​​របស់​ក្រសួង​ព័ត៌មាន​សុំ​តែង​តាំង​លោក ខ្វៃ អាទិត្យា​ បន្ត​ពី​លោក​ កឹម គុណវឌ្ឍន៍​ ដែល​ត្រូវ​និវត្តន៍​​គ្រប់គ្រាន់​ឬ​ទេ​? ​(សុំ​មើល​លិខិត​ក្រសួង​មុខងារ​សាធារណៈ​និង ​ចំណារ​នាយករដ្ឋមន្ត្រី)​។

តើ​មាន​គ្រាប់​ភ្នែក​មើល​ព្រះរាជក្រឹត្យ​ដែល​ចែង​ថា ​( ​បាន​ទ្រង់​យល់​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សមេ្តច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​) ឬទេ បាន​ជា​ម្នាក់​និយាយ​ថា ​កា​តែង​តាំង​នេះ​ចេញ​ពី​ណា ​? ​ម្នាក់​ទៀត​និយាយ​ថា ​បើ​វា​មិនមែន​ចេញ​ពី​រដ្ឋមន្ត្រី​រូប​នេះ ​គួរ​តែ​ចេញ​ពី​នាយករដ្ឋមន្ត្រី​ដែរ​​។ ​(សូម​មើល​ ខេមបូ ​ដេលី ​ចេញ​ផ្សាយ​ថែ្ង​ទី​ ១៣ ​ខែ ​មិថុនា ​ឆ្នាំ​ ២០១៧​)។

​បើ​ពុំ​មាន​សំណើ​ពី​នាយករដ្ឋមន្ត្រី​ ព្រះមហាក្សត្រ​ព្រះអង្គ​និង​មិន​​​ឡាយ​ព្រះហស្តលេខា​ទេ​។​ សុំ​ចង​ចាំកុំ​ល្ងង់​ពេក​។​ ពន្យល់​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​​ឬ​នៅ​​?​ ឬ​ចាំបាច់​ឲ្យ​ខ្ញុំ​ពន្យល់​ពី​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​​​នៃ​គណៈរដ្ឋមន្ត្រី​ និង​ច្បាប់​ផ្សេង​ទៀត​ដែល​ទាក់​ទង​ដល់​ការងារ​គ្រប់​គ្រង​រដ្ឋ​?​” ៕​ ​​​​