ភ្នំពេញ ៖ បុរសម្នាក់រត់ទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីមិត្តភ័ក្រ រួមការងារ សុំខ្ចីម៉ូតូជិះមួយភ្លែត ស្រាប់តែបាត់រហូត១យប់១ថ្ងៃ នៅតែមិនឃើញវិលវិញ ។

បុរសអះអាងថា ខ្លួនជាជនរងគ្រោះ មានឈ្មោះ រី វ៉ាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិកោះកុក ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកម៉ូតូ ដែលមិត្តជនសង្ស័យ ឆបោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-9730 ។

រីឯបុរសសង្ស័យជា មិត្តទ្រុស្តមិត្ត ត្រូវបានជនរងគ្រោះ អះអាងថា ឈ្មោះ ព្រំ រ៉ាឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខ យាមនៅក្រុមហ៊ុន ជាមួយគ្នា ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បច្ចុប្បន្នគេចខ្លួនបាត់ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ខ្លួននិងជនសង្ស័យ ជាមិត្តរួមការងារ យាមប្រចាំនៅ ក្រុមហ៊ុនជាមួយគ្នា នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ហើយកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ មិនទាន់ចប់ម៉ោងការងារផង ជនសង្ស័យបានសុំខ្ចីម៉ូតូ ជិះទៅរកទិញអ្វីហូបមួយភ្លែត តែបែរជាបាត់រហូត មកដល់រសៀល ថ្ងៃទី១៣នេះហើយ នៅតែមិនឃើញវិលវិញ ទូរស័ព្ទក៏ផ្តាច់ការទំនាក់ទំនង ទើបសម្រេចចិត្ត រត់មកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ឲ្យជួយស្រាវជ្រាវ ៕

សហការី KBN