ភ្នំពេញ៖ យុវជន២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន យោងតាមបណ្តឹងផ្ទាល់មាត់ របស់សាច់ញាតិថា មកអុកឡុកក្នុងផ្ទះ ដើម្បីរកលុយទិញថ្នាំញៀនជក់។ ឃាត់ខ្លួនយុវជន២នាក់ ខាងលើនេះកាលពីម៉ោង១៥និង៤០នាទីរសៀល ថ្ងៃទី១៣ មិថុនា ២០១៧ នៅផ្ទះលេខ១៣៤សេ ផ្លូវលំភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវជនខាងលើទី១ឈ្មោះ សាំង ឌីនី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣៤សេ ផ្លូវលំ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី២ឈ្មោះ ស៊ុំ ប៉ោឡាយ អាយុ
២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៦៨ប៉េ ផ្លូវលំភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីឈ្មោះ កេង សារ៉ា ភេទប្រុស អាយុ៦៤ឆ្នាំ ត្រូវជាជីតាឈ្មោះ សាំង ឌីនី បានប្រាប់ថា សឹងតែរាលថ្ងៃទៅហើយ ចៅគាត់តែងតែមកអុកឡុកផ្ទះ ដើម្បីរកលុយទៅរកទិញថ្នាំញៀន ដោយទៅជាមួយ ឈ្មោះស៊ុំ ប៉ោឡាយ តែរហូតមិនថាយប់ ឫក៍ថ្ងៃឡើយ។

ប្រភពបានប្រាប់ទៀតថា លុះថ្ងៃខាងលើ បានឃើញចៅគាត់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់រីវូ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1A-8767 ដែលជាម៉ូតូ របស់ឈ្មោះស៊ុំ ប៉ោឡាយ មកផ្ទះហើយមកអុកឡុក អ្នកផ្ទះអោយរកលុយ មកអោយខ្លួនដើម្បីទិញថ្នាំញៀន យកទៅជក់ជាមួយ ស៊ុំ ប៉ោឡាយ ដោយទ្រាំ និងទង្វើចៅខាងលើមិនបាន ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋាន អោយឃាត់ខ្លួនចៅខាងលើតែម្តង និងបានឈានទៅឃាត់ បានបក្សពួកម្នាក់ទៀតឈ្មោះ ស៊ុំ ប៉ោឡាយ ផងដែរ ហើយកន្លងមកចៅគាត់នេះ ធ្លាប់យកទៅដាក់មណ្ឌលកែប្រែ ចំនួនបីខែដែរ តែចេញមកវិញនៅដដែល។

ដោយមានចំលើយសារភាព ចេះប្រើប្រាស់គ្រឿងញៀន បច្ចុប្បន្នយុវជនទាំង២នាក់ខាងលើនេះ បានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរបន្ត៕

សហការី KBN-live.com