ថ្វីបើពិធីបុណ្យសព ព្រមទាំងពិធីបុណ្យគម្រប់ ៧ថ្ងៃរបស់អតីតពីធិករសំឡេងធ្ងន់ លោក អ៊ិត សេដ្ឋា បានបញ្ចប់ទៅហើយយ៉ាងណាក្ដី ក៏នៅតែមានមិត្តសិល្បៈករ សិល្បៈការិនី ជាច្រើនក្នុងប្រទេសនៅតែមានអារម្មណ៍នឹក ស្រមៃ ស្រណោះដល់វិញ្ញាណខណ្ឌ និងក្រុមគ្រួសារបស់លោក អ៊ិត សរដ្ឋា ជានិច្ច ជាពិសេសនឹកអាណិតដល់កូនៗ ដ៏ក្មេងខ្ចីប្រុសស្រីទាំង ៣នាក់ មិនដឹងមានអ្វីជាទីពឹងបន្តទៀត ក្រោយពេលបាត់បង់លោកឪពុកជាទីស្រឡាញ់ ខណៈដែលជីដូនក៏មានវ័យជរា ។

ជាការពិតណាស់ សម្រាប់សេចក្ដីព្រួយបារម្ភទាំងនេះ ទើបធ្វើឱ្យអ្នកនាង យុគ ចិន្ដា ដែលជាដៃគូការងារចាស់វស្សារបស់លោក អ៊ិត សេដ្ឋា នៅតែបន្តជួយ រៃអង្គាស់បច្ច័យ នៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីជួយដល់គ្រួសារនៃសពលោក អ៊ិត សេដ្ឋា ហើយការរៃអង្គាសនេះ អ្នកនាងនឹងរៀបចំជាពិធីបុណ្យមួយសម្រាប់បងប្អូនខ្មែរដែលរស់នៅ រដ្ឋ Texas នៃទីក្រុង Houston សហរដ្ឋអាមេរិក ។

ទាក់ទងជាមួយគ្នានេះអ្នកនាង យុគ ចិន្ដា ក៏បានប្រកាស់ដំណឹងនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងផងដែរ ដោយបានសរសេរថា ៖ «សូមជំរាបជូនដំណឹងដល់បងប្អូនខ្មែរដែលរស់នៅក្នុងរដ្ឋ Texas នៃទីក្រុង Houston សហរដ្ឋអាមេរិក នឹងបណ្តារដ្ឋផ្សេងទៀត ដែលមានបំណងចង់ចូលបច្ច័យជួយដល់ក្រុមគ្រួសារសពលោក អ៊ិត សេដ្ឋា អោយបានជ្រាបថា នាងខ្ញុំនឹងប្រារព្ធកម្មវិធីបុណ្យដើម្បីរៃអង្គាសបច្ច័យនៅថ្ងៃទី ១២ និង១៤ ខែមិថុនានេះ ហើយលោកក៏ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ?? 8323510241 ដើម្បីសួរព័ត៌មានលំអិត អំពីកម្មវិធីបុណ្យ និងទីកន្លែងប្រារព្ធពិធី ហើយបច្ច័យដែលប្រមូលបានទាំងអស់ នាងខ្ញុំនឹងយកត្រលប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃទី15/06/2017 ខាងមុខនេះដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារនៃសព លោក អ៊ិត សេដ្ឋា សូមគោរពថ្លែងអំណរគុណចំពោះសន្តានចិត្តសប្បុរសរបស់អស់លោកអ្នក សូមលោកអ្នកជួបប្រទះតែសេចក្តីសុខ នឹងសុភមង្គលគ្រប់ក្រុមគ្រួសារ ដោយក្តីគោរពពីចំងាយ ពីនាងខ្ញុំ យុគ ចិន្តា » ។

គួរំឮកដែរថា ក្រោយពីលោក អ៊ិត សេដ្ឋា ស្លាប់ភ្លាម អ្នកនាង យុគ ចិន្តា មិនបានទៅមើល និងចូលរួមពិធីបុណ្យដូចសិល្បៈករ សិល្បៈការិនីដទៃឡើយ ព្រោះអ្នកនាងជាប់មានភារកិច្ចសំខាន់ ដែលត្រូវបំពេញជាដាច់ខាតនៅសហរដ្ឋអាមេរិក ប៉ុន្តែទន្ទឹមគ្នានេះ អ្នកនាង ក៏បានជួយរៃអង្គាសបច្ច័យពីបងខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីជួយដល់គ្រួសារសព ហើយក្នុងនោះ អ្នកនាង ក៏បានសរសេរសំណេរទឹកភ្នែកមួយថា «សំណេរ​ទាំង​នេះ​គឺ​ជា​សារ​របស់​ យុគ ចិន្តា ​”ប្អូន​ស្ដាយ​ណាស់​ដែល​មិន​បាន​មក​ចូល​រួម​ជូន​ដំណើរ​បង​មុន​ដង្ហើម​ចុង​ក្រោយ​ ស្ដាយ​ណាស់​ដែល​មិន​មាន​ឱកាស​ជួប​មុខ​បង​ជា​ចុង​ក្រោយ​ រួម​ការងារ​ជា​មួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​បង​ជា​ដៃគូ​ការងារ​ដ៏​ល្អ​បំផុត​ ជា​បង​ប្រុស​ដ៏​ល្អ​ម្នាក់​ដែល​មិន​រួញរា​នឹង​ការងារ​ អត់ធ្មត់​គ្រប់បែប​យ៉ាង​ សែន​មហា​សោក​ស្ដាយ​ដែល​បង​ចាក​ចោល​ប្អូន​ដោយ​មិន​មាន​ពាក្យ​លា ​អារម្មណ៍​ប្អូន​នៅ​ឆ្ងាយ​តែ​ការ​នឹក​រលឹក​ពី​អនុស្សាវរីយ​ការងារ​ល្អ​ៗ​ជា​ច្រើន​ដែល​ពួក​យើង​បាន​ធ្វើ​ជា​មួយ​គ្នា​នា​ពេល​កន្លង​មក​ ពេល​នេះ​បង​លាចាក​លោក​ហើយ​”។

សារ ​យុគ ចិន្តា​ បន្ត​ថា​ “ពេល​នេះ​ប្អូន​កំពុង​តែ​ស្នាក់នៅ​រដ្ឋ​ម៉ាសាយូសេត​ ទីក្រុង​ឡូវែល​ ដើម្បី​អង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​បង​ ហើយ​៣​ថ្ងៃ​ទៀត​ប្អូន​នឹង​បន្ត​ស្នាក់​នៅ​រដ្ឋតិច​សាស់​ចំនួន​​១​សប្ដាហ៍ ​ប្អូន​នឹង​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ ប្អូន​នឹង​ប្រមែប្រមូល​បច្ច័យ​ទាំង​អស់​ជូន​ដល់​បង​ សូម​លោក​អ្នក​មេត្តា​បរិច្ចាគ​ថវិកា​តាម​រយៈ​ទូរស័ព្ទ​របស់​ម្ដាយ​ខ្ញុំ​នៅ​សហរដ្ឋអាមេរិក​តាម​រយៈ​លេខ​ 8323510241 ​លា​ហើយ​បង​ប្រុស​ជា​ទី​ស្រលាញ់ ​លា​ហើយ​ដៃ​គូរ​ដ៏​កម្សត់កម្រ​ លា​ដោយ​គ្មាន​ថ្ងៃ​វិល​ត្រលប់​វិញ​ …….សូម​ដួង​វិញ្ញាណក្ខន្ធ​បង​ប្រុស​បាន​ទៅ​សោយសុខ​សុគតិភព​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ​” ៕ យុទ្ធ KBN