ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ជាអនិកខ្មែររស់នៅប្រទេសអូស្រ្តាលី បន្ទាប់ពីចូលមកទេសចរណ៍ និងមកលេងប្រពន្ធនៅប្រទេសកម្ពុជា អស់រយៈពេល ៣ខែ មានជំងឺ ប្រចាំកាយ បានស្លាប់តាមផ្លូវ ខណៈពេលដែលក្រុមគ្រួសារ ដឹកតាមម៉ូតូបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២០១១ មុខផ្សារឈូកមាស ភូម៨ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រួចបានដឹកវិលត្រឡប់មកតំកល់នៅវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយអត់មានឯកសារ លិខិតបញ្ជាក់ ពីគ្រូពេទ្យ ពីសមត្ថកិច្ច ទើបរាយការណ៍ទៅនគរបាល ចុះមកពិនិត្យមើល ។

ជនរងគ្រោះឈ្មោះ ញាញ់ សាវឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ជាអនិកជនខ្មែរ អូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ PA10155733 បានចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ កន្លងមក ជាទេសចរណ៍ និងមកលេងប្រពន្ធផង ។

បើតាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានស្រុកកំណើតនៅខាងខេត្តបាត់ដំបង ហើយបានទៅរស់នៅប្រទេសអូស្ត្រាលីនៅឆ្នាំ១៩៨៣ ក្រោយពីលែងលះគ្នាជាមួយប្រពន្ធដើមនៅប្រទេសអូស្រ្តាលី ក៏បានមកយកប្រពន្ធក្រោយម្នាក់ទៀត ឈ្មោះ ស្រី កល្យាណ អាយុ ៤៦ឆ្នាំ រស់នៅភូមិព្រៃជីសក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្នុងអំឡុងឆ្នាំ២០១២ ។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ តាំងពីមកលេងប្រពន្ធនៅប្រទេសកម្ពុជា ស្នាក់នៅផ្ទះរបស់ប្រពន្ធក្រោយនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ចេះតែមានជម្ងឺឈឺក្រពះ ពោះវៀន ឈឺឆ្អល់ចុកក្នុងពោះ ធ្លាប់ទៅពេទ្យជារឿយៗ នៅក្នុងខណ្ឌសែនសុខ ។

លុះមកដល់ព្រឹកថ្ងៃទី១៣ ខែមិថុនានេះ ជនរងគ្រោះ មានអាការៈឈឺចុកក្នុងពោះ កាន់តែខ្លាំងឡើងៗ រហូតទ្រាំលែងបាន ឲ្យប្រពន្ធ ប្អូនថ្លៃ ឌុបតាមម៉ូតូ គោលបំណងឆ្ពោះទៅពេទ្យ កន្លែងធ្លាប់ទៅពិគ្រោះព្យាបាល នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ តែទើបទៅដល់ម្តុំផ្សារឈូកមាស ផ្លូវ២០១១ ស្រាប់តែជនរងគ្រោះ បាត់មាត់បាត់ក ដាច់ខ្យល់ស្លាប់បាត់ ទើបដឹកយកមកតំកល់ទុកនៅវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យវិញ ។

តាមលោកតាអាចារ្យ បានឲ្យដឹងថា បន្ទាប់ពីក្រុមគ្រួសារដឹកសាកសពមកតំកល់ សុំកន្លែងធ្វើបុណ្យ បូជា តែពុំមានឯកសារបញ្ជាក់ពីគ្រូពេទ្យ ឬសមត្ថកិច្ច ទើបឲ្យក្រុមគ្រួសាររាយការណ៍ ទៅនគរបាល ដើម្បីចុះមកពិនិត្យនិង កោសល្យវិច័យជាមុនសិន ៕ សហការី KBN-LIVE.com