ភ្នំពេញ៖ ជនសង្ស័យម្នាក់ លួចកូនសោ​បន្ទប់ជួលយកទៅចាក់​ចូលទៅលួចលុយ ត្រូវបានម្ចាស់បន្ទប់សង្ស័យឃាត់យកទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ ទើបប្រគល់ប្រាក់ឱ្យវិញ កាលពីវេលាម៉ោង​៨និង១៥នាទីយប់ថ្ងៃទី១២ ខែមិថុនា ​នៅចំណុចផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ខុម ចំប៉ា ភេទស្រី អាយុ ​២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំទឹកជ្រៅ ស្រុកតំបែ ខេត្តត្បូងឃ្មំ ។ ​

ជនរងគ្រោះមានឈ្មោះ ​យៀត ​គីម​ស្រួល ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ៊ុតសក់ពេលទំនេរ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ​ខេត្តកំពង់ចាម និងប្អូនស្រីជនរងគ្រោះមានឈ្មោះ លី លក្ខិណា ភេទស្រី អាយុ ​២១ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ៊ុតសក់ រស់នៅបន្ទប់ជាមួយគ្នា។​

តាមប្រភពព័ត៌មានពីឈ្មោះ លី លក្ខិណា ត្រូវជាប្អូនជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុ ជនសង្ស័យខាងលើតែងតែមកជួយអ៊ុតសក់ជាមួយបងស្រី របស់នាងជាញឹកញាប់ដោយដឹងកន្លែងទុកលុយ ហើយជនសង្ស័យធ្វើការរោងចក្រ​ជាមួយគ្នាទៀត លុះនៅពេលថ្ងៃមិនចាំម៉ោង នាងចូលបន្ទប់ទឹក ដោយទុកកូនសោ​នៅកន្លែងម៉ាស៊ីនដេរដែលជាប់ជាមួយកាតការងារ បន្ទាប់មកស្រាប់តែជនស្ស័យខាងលើ បានមកកន្លែង​ម៉ាស៊ីនដេររបស់នាងហើយដកកូនសោពីកាតកាងាររបស់នាង ។ ​

លុះចេញពី​បន្ទប់ទឹកវិញ ស្រាប់តែបាត់កូនសោបន្ទប់នៅតែកាតកាងារ ហើយបន្ទាប់មកនាងបានថែមម៉ោង៦ ពេលមកដល់បន្ទប់ បានប្រាប់បងស្រីរបស់នាងថា​ សោបន្ទប់របស់នាងបាត់ហើយមិនដឹងនរណាគេយក ។ ​បន្ទាប់មកជនរងគ្រោះជាម្ចាស់លុយ បានទៅបើកមើលលុយក្នុងកឹកទូរ ស្រាប់តែបាត់លុយអស់ ៣៧០ដុល្លារ និងលុយខ្មែរមួយចំនួនទៀត បន្ទាប់មកបានសួរអ្នកជិតខាងបានប្រាប់ថា​មាននារីម្នាក់ ដែលធ្លាប់ចូលហើយបានចាក់សោចូលក្នុងបន្ទប់ ។

​ភ្លាមៗនោះ ជនរងគ្រោះបានទៅហៅជនសង្ស័យមកសួរនាំ​បន្ទាប់កើតហេតុ តែជនសង្ស័យខាងលើមិនបានសារភាពឡើយ ដោយបដិសេធរហូត ។ ​បន្ទាប់មកជនសង្ស័យត្រូវបានបងប្អូនជនរងគ្រោះនាំមកប៉ុសិ៍្តដើម្បីសួរនាំ ។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសួរនាំជនសង្ស័យខាងលើហើយបានសារភាពថា ខ្លួនយកសោចាក់ដូចរៀបរាប់ខាងលើពិតប្រាកដមែន ។ ​បន្ទាប់មកភាគីខាងរងគ្រោះសុំមិនប្តឹងផ្ដល់ដោយអាណិតជនសង្ស័យ ហើយសមត្ថកិច្ចបានប្រគល់លុយអោយជនរងគ្រោះវិញ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យារួចអោយត្រឡប់ទៅវិ​ញ ៕ សហការី KBN-LIVE.com