ខេត្ត​កណ្ដាល​៖ ​សកម្មជន​មាតា​ធម្មជាតិ​ ចំនួន​ពីរ​នាក់​ ឈ្មោះ ថុន រដ្ឋា និង ម៉េង ហេង កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​ពួក​គេ​ បាន​ចុះ​ទៅ​សម្រួល​ពលរដ្ឋ​ពីរ​ឃុំ​ ដែល​បាន​ផ្ទុះការ​តវ៉ា អំពី​ការ​បាក់​ច្រាំង​ទន្លេ បណ្ដាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ ជាង១០​ខ្នង​បាន​បាក់​ធ្លាប់​ចូល​ទន្លេ ដោយ​ពួក​គេ​លើក​ឡើង​ថា បណ្ដាល​មកពី​ការ​ប៊ូម​ខ្សាច់​ នៅ​តំបន់​នោះ។

ថុន រដ្ឋា សកម្មជន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ បាន​ប្រាប់​ Kqube.net ថា មក​ដល់​ពេល​នេះ​ ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ ស្ថិត​នៅ​ឃុំ​សិត្បូ និង​ឃុំ​រកាខ្ពស់ អំពីការ​ប៊ូម​ខ្សាច់​ ដែល​​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ​ចំនួន​ពីរ​កន្លែង​នោះ​បាន​បញ្ឈប់​ហើយ ដោយ​បាន​ការ​អន្តរាគមន៍​ ពី​ថ្នាក់​ខេត្ត និង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត ប៉ុន្តែ​បញ្ហា​ដែល​សំខាន់​នោះ ​គឺ​ពួកគេ​ព្រួយ​បារម្ភ​ ពី​សុវត្ថិភាព​​​ផ្ទាល់ខ្លួន ពេល​ត្រឡប់​មក​ភ្នំពេញ​វិញ។

សកម្មជន​រូប​នេះ​ បាន​ប្រាប់​មូល​ហេតុ​ថា កាល​​ពី​ថ្ងៃ​សុក្រ​ កន្លង​ទៅ​នេះ​​ ពួក​គេ​បាន​ឃើញ​​ប្រជាពលរដ្ឋ​ រស់​នៅ​ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​បង្ហោះតាមហ្វេសប៊ុក​ អំពី​ការ​បាក់​ច្រាំង​ទន្លេ ​ដែល​បណ្ដាល​ឲ្យ​មាន​ ការ​គំរាមកំហែង​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ ជា​បន្ត​បន្ទាប់​ទៀត ​ខណៈ​ដែល​​ការ​បាក់​ច្រាំង​នោះ ​មាន​ផ្ទះ​ប្រជាជន​ បាន​ធ្លាក់​ចូល​ទន្លេ​ជាង​១០​ខ្នង​រួច​ហើយ ​ទើប​ពួក​គេ​ចុះ​ទៅ​ទី​នោះ ​ស្វែង​យល់​មូល​ហេតុ​បន្ថែម​។

​​ថុន រដ្ឋា ​បន្តថា ​ក្រោយ​ពួក​គេ​ទៅ​ឃើញ​ជាក់​ស្ដែង​​ គឺ​នៅ​ទី​នោះ​ពិត​ជា​ មាន​ការ​បាក់​ច្រាំង​ទន្លេ និង​មាន​ផ្ទះ​ពលរដ្ឋ​នៅ​ទីនោះ​​ ធ្លាក់​ចូល​ទន្លេ​ពិត​មែន ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ ជា​ច្រើន​គ្រួសារ​ទៀត​ ដែល​ទទួល​រង​នូវ​ការ​គំរាម កំហែង​ពី​ច្រាំង​ទន្លេ​ ដែល​ចេះ​តែ​បាក់​ខិត​ជិត​ដល់​លំនៅឋាន​របស់​ខ្លួន ធ្វើ​ឲ្យ​​មាន​ការ​ព្រួយបារម្ភ នឹង​បាន​នាំ​គ្នា​ម​ក​តវ៉ា សូម​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​ជា​​បន្ត​ទៀត ​ក្នុង​នោះ​ពួក​គេ (សកម្មជន​មាតា​ធម្មជាតិ) បាន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្នុង​ការ​តវ៉ា​នោះ ​ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​ប៉ុណ្ណោះ​។

លោក​បន្ត​ថា ​បន្តែនៅ​យប់​ថ្ងៃទី១១ ខែ​មិថុនា ​ឆ្នាំ​២០១៧​ម្សិលមិញ​នេះ ស្រាប់​តែ​មាន​​មេ​ប៉ុស្តិ ​និង​កង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​មក​ព័ន្ធ​នៅ​គេហដ្ឋាន​ពលរដ្ឋ ដែល​ពួក​គេ​កំពុង​ស្នាក់នៅ​​នោះ​ទាំង​យប់ ដោយ​យក​ហេតុផល​ថា សុំ​អត្តសញ្ញាណប័ណ្ណ​ពួក​គេ ដើម្បី​រក្សា​នូវ​សុខសុវត្ថិភាព​ក្នុង​មូលដ្ឋាន​ខាង​លើ​នេះ​។

​តាម​​ការ​បញ្ជាក់​ពី​សកម្មជន​រូប​នេះ​ដដែល​ថា ​រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ ​ពួក​គេ​(សមត្ថកិច្ច)​នៅ​តែ​បន្ត​ចង់​បាន​អត្តសញ្ញាណ​ នៃ​សកម្មជន​ទាំង​ពីរ​រូប​ដដែល ​រហូត​​នៅ​ព្រឹកថ្ងៃទី១២ ខែ​មិថុនា ​ឆ្នាំ​២០១៧​នេះ ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​ពួក​គេ​អាច​នឹង​ត្រូវ​បាន​ចាប់​ខ្លួន​តាម​ផ្លូវ ​បើ​សិន​ជា​ចាក​ចេញ​ពី​​ផ្ទះ​ប្រជាពលរដ្ឋ ​ស្ថិត​ក្នុង​អាសយដ្ឋាន​ខាង​លើ​នោះ​៕

ផ្តល់សិទ្ធដោយ៖ kqube.net