ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទួលសង្កែ បានធ្វើការឃាត់ខ្លួនមុខសញ្ញាសកម្មខាងកាច់សោរក ម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់ និងបានដកហូតសម្ភារៈមួយចំនួន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុមទី៦ភូមិទួលគោកសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ ប៊ុន លីសាក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ នាក់ មុន្នីរតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីសង់ ស៊េរី២០០៩ បិទតែមឡើងស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AG-8082 ត្រឡប់ពីផ្សារសាំហាន់ ទិញម្ហូបយកទៅផ្ទះវិញ ។ ពេលនោះជនរងគ្រោះបានទុកម៉ូតូនៅខាងក្រោយផ្ទះជួល ដោយមានចាក់សោកម៉ូតូត្រឹមត្រូវ ហើយជនរងគ្រោះបានឡើងទៅលើផ្ទះជួលជាន់២ ។

លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែរ ស្រាប់តែបងប្រុសរបស់ជនរងគ្រោះ បានចេញមកមុខបន្ទប់ជួលឈរនិយាយទូរស័ព្ទ ក៏ឃើញជនសង្ស័យខាងលើកំពុងតែបណ្តើរម៉ូតូប្អូនរបស់ខ្លួន ភ្លាមៗនោះ បងប្រុសរបស់ជនរងគ្រោះបានស្រែកផ្អើលឆោឡោ ក៏បានជួបជាមួយកម្លាំងល្បាតប៉ុស្តិ៍ក៏ធ្វើការដេញតាម ជនសង្ស័យខាងលើ និងឃាត់ខ្លួនបានតែម្តង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ រួចមកសមត្ថកិច្ចយើងបានធ្វើការដកហូតសោរប្រដាប់កាច់កម៉ូតូចំនួន ១ដើម សោរឆ្កឹះ មួយដើម និងទុលវីសមួយដើម ។ ក្រោយមកសមត្ថកិច្ចយើងបាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនឲ្យម្ចាស់ដើមវិញ ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ សហការី KBN-LIVE.com