ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកគ្នា ២នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមចាប់ខ្លួនបាន ហើយស្វាគមន៍ មួយដៃមួយជើង សល់តែដង្ហើមចង្រឹត បន្ទាប់ពីធ្វើសកម្មភាពកាច់សោកម៉ូតូបានសម្រេចហើយ (ខណៈដែលម្ចាស់រវល់តែឡើងបេះផ្លែក្រសាំង) តែរត់មិនរួច ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅព្រៃឈើទាលមុខវត្តជន្លង់ម្លូ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ហេង សុភ័ក្រ ភេទប្រុស រអាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យម្នាក់ទៀតរត់គេចបាត់ បានឈ្មោះ នឿន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅស្រុកចំការលើ ខេត្តកំពង់ចាម ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម រស់ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។ ដោយឡែកម៉ូតូដែលជនសង្ស័យ លួចបានសម្រេចហើយ តែរត់មិនរួច ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BV-0209 ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូទៅរកបេះផ្លែក្រសាំង នៅវាលស្រែក្រៅភូមិ ដោយចតម៉ូតូទុកក្រោមដើមក្រសាំង ហើយបិទបេនសាំង រវល់តែនៅលើចុងក្រសាំង ស្រាប់តែជនសង្ស័យគ្នា ២នាក់ចូលទៅលបលួចកាច់សោក ជិះរត់គេច ខណៈដែលម៉ូតូត្រូវបានបិទសាំង ហើយម្ចាស់កំពុងនៅលើចុងក្រសាំង ឃើញស្រែកផ្អើលប្រជាពលរដ្ឋ ដេញតាម រហូតដល់ចំណុចព្រៃឈើ ទាលមុខវត្តជន្លង់ម្លូូចំងាយជាង ១គីឡូម៉ែត្រ ម៉ូតូរលត់ម៉ាសុីន ជនសង្ស័យផ្តួលចោល ចុះរត់ពលរដ្ឋដេញតាមទាន់ចាប់បានស្វាគមន៍ បែកក្បាលហូរឈាមកក្លាក់ រួចប្រគល់ឱ្យប៉ូលីស ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕ សហការី KBN-LIVE.com