សិល្បៈ ៖ តារា​ចម្រៀង​លោក សួស សងវាចា​ បាន​ធ្លាក់ខ្លួន​មាន​ជំងឺ​ និង​ពិការភាព​ជិត​ពីរ​ឆ្នាំ​មកនេះ ដោយ​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ជា​ប្រចាំ​ ក្រៅ​ពី​នេះ​លោក​ក៏​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ថែម​ទៀត​។​ ពេល​ជំងឺ​ទាំងពីរ​លោក​មិនទាន់​បាន​ប្រសើរ​គ្រួសារ​លោក​ក៏​មាន​ជីវភាព​កាន់​តែ​យ៉ាប់ ​រហូត​គ្មាន​ថវិកា​ទិញ​ថ្នាំ និង​ទៅ​ធ្វើ​ចលនា​រាងកាយ​នៅ​មន្ទីរពេទ្យ​ ដោយ​គ្មាន​លុយ​ឲ្យ​ពេទ្យ​។

​ទោះ​ជា​ព្យាបាល​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ទៅ​ហើយ​ក្ដី ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ស្ថានភាព​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ទឹក​នោម​ផ្អែម​លោក​ សួស សងវាចា​ មិនទាន់​បាន​ធូរ​ស្រាល​នៅឡើយ​ ​ ខណៈ​ដែល​ដៃ​​ខាង​ឆ្វេង​របស់​លោក​មិនទាន់​កម្រើក​បាន​ ដូច្នេះ​ហើយ​លោក​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ជា​ប្រចាំ​ក្នុង​មួយ​ខែ​ៗ​ខ្ទង់​ជិត​មួយ​ពាន់​ដុល្លារ​ ម៉្លោះហើយ​ទើប​គ្រួសារ​លោក​មាន​សភាព​កាន់​តែ​យ៉ាប់​ ព្រោះ​ប្រភព​ចំណូល​ប្រចាំ​គ្រួសារ​​ពី​រូប​លោក​ បាន​កាត់ផ្ដាច់​ទាំង​ស្រុង​។

គួរ​បញ្ជាក់​ដែរ​ថា​ លោក ​សួស សងវាចា ​ក្រៅ​​ពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល លោក​ក៏​មាន​ជំងឺ​ទឹកនោមផ្អែម​កម្រិត​ធ្ងន់​មួយ​មុខ​ទៀត​ ដែល​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជា​ប្រចាំ​ផង​ដែរ​។ បញ្ហា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ ខិតខំ​ជម្នះ​សាក​ល្បង​ហាត់​ច្រៀង​ជា​ថ្មី​ ប៉ុន្តែ​ច្រៀង​មិនបាន​ឆាប់​ហត់៕ ផ្ដល់សិទ្ធដោយ៖ Kqube