ភ្នំពេញ ៖ ស្រ្តីម្នាក់ ចាញ់បោកការលួងលោម របស់បុរសម្នាក់ ដែលស្គាល់គ្នាតាមរយៈហ្វេសប៊ុក អស់កាបូបលុយ និងទូរស័ព្ទសាំសុងមួយគ្រឿង​ បង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។​

ជនរងគ្រោះមានឈ្មោះ ម៉ៅ ម៉ារី ភេទស្រី អាយុ ២៥ឆ្នាំ ​មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​មានភូមិកំណើត នៅភូមិព្រៃចំបក់ឃុំឈើទាល ស្រុកស្វាយជ្រំ ​ខេត្តស្វាយរៀង ។​ ចំណែកជនបង្ក ស្គាល់គ្នាតាមរយៈហ្វេសប៊ុក ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេបានឃើញស្រ្តីរងគ្រោះ​ ដើរក្នុងភូមិកើតហេតុតែម្នាក់ឯង ដោយមានសភាពមិនប្រកក្រតី យកដៃផ្ទប់មុខ ​មានរបួស​ជាំ​ក្រហមពេញមុខ ។ ​បន្ទាប់មក ​ប្រជាពលរដ្ឋបានសួរនាំ ស្រ្តីខាងលើនិយាយថា ខ្លួនត្រូវគេដាក់ថ្នាំ យក​កាបូបលុយ និងទូរស័ព្ទបាត់ហើយ ប៉ុន្តែពេលសួរនាំអ្វីៗផ្សេងទៀត មិនប្រាប់ទេ ​ម្តងប្រាប់ថា ជិះម៉ូតូមក ម្តង​ថាជិះជាមួយគេ ។

ដោយសារឃើញសភាព មិន​សូវស្រួលខ្លួន ប្រជាពលរដ្ឋរស់នៅជិតនោះ ​បាន​វាយខ្ទឹមស ឱ្យគាត់ហិត ព្រោះខ្លាចត្រូវគេដាក់ថ្នាំ លុះមួ​យសន្ទុះក្រោយមក ទើបប្តឹងទៅសមត្ថកិច្ចឱ្យមកជួយអន្តរាគមន៍ ។​

តាមប្រភពពីលោក​នាយប៉ុសិ៍ សង្កាត់សំរោង បាននិយាយថា ស្រ្តីរងគ្រោះខាងលើ មិនមែនត្រូវថ្នាំគេទេ គឺសង្ស័យគឺចាញ់ការលួងលោម របស់បុរសម្នាក់ យកកាបូប និងទូរស័ព្ទទៅអស់ ព្រោះស្រ្តីរងគ្រោះ បានប្រាប់លេខទូរស័ព្ទរបស់ក្រុមគ្រួសារដែរ តែ​ទាក់ទងពុំចូល ត្រូវលោកនាយប៉ុស្តិ៍ បាននាំជនរងគ្រោះទៅផ្ទះជួលតែម្តង ។ ​

ខណៈពេលនាំជនរងគ្រោះ​ ទៅដល់ផ្ទះជួល ហើយសួរនាំម្ចាស់ផ្ទះជួល បានដឹងថា ស្រ្តីរងគ្រោះ ជាមនុស្សមានប្តី និងបានកូនម្នាក់ អាយុ​ជិត២ខួបទៅហើយ ប៉ុន្តែស្រ្តីខាងលើបានទាក់ទង តាមរយៈហ្វេសប៊ុក ជាមួយជនបង្ក និង​បានឆាតតាមហ្វេសប៊ុកណាត់ជួបគ្នា ​។



បើតាមប្រភពពីប្អូនស្រី របស់ស្រ្តីរងគ្រោះ មានឈ្មោះ ម៉ៅ ស្រីណុច ​បាននិយាយថា នៅពេលថ្ងៃរសៀលម៉ោង ៤​ថ្ងៃដដែល បងស្រីរបស់គាត់ គឺមានមិត្តប្រុសម្នាក់ ដែលស្គាល់តាម​​ហ្វេសប៊ុក ដែលទើបនឹងស្គាល់គ្នា បានឆាត ហើយបបួលបងស្រីនាង ទៅហូបស្រាក្លែមសាច់ក្រក នៅ​កំបូល​ ផ្លូវជាតិលេខ៤ ដោយ​រូបគាត់បានជិះម៉ូតូមួយគ្រឿង ឌុបបងស្រីទៅជួប​គ្នា ​រួចហើយបាននាំគ្នាផឹកស្រាក្លែមសាច់ក្រក ។

លុះពេលផឹកស៊ីបានបន្តិច រូចគាត់បាន​បបួល​បងស្រីរបស់ខ្លួន ត្រឡប់មកផ្ទះវិញ តែបងស្រី​ប្រាប់​ថា ចាំកន្លះម៉ោងទៀត ពួកគាត់នឹងទៅវិញហើយ ទើបរូបគាត់ជាប្អូន បានជិះម៉ូតូត្រឡប់ទៅផ្ទះមុន នៅសល់តែបងស្រី និងបុរសដែល​ស្គាល់គ្នា តាមហ្វេសប៊ុកនោះ នៅផឹកស៊ីបន្តទៀត ។

ប្រភពដដែលបន្តទៀតថា រហូតដល់ម៉ោងកើតហេតុខាងលើ ទើបឃើញបងស្រីដើរមកវិញ ទាំងសភាពដូចត្រូវថ្នាំ ទើបសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះចាញ់បោក ការលួងលោម​របស់ជនល្មើស អស់កាបូប និងទូរស័ព្ទដៃសាំសុងមួយគ្រឿង ។ ​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសាកសួររួចរាល់ហើយ សមត្ថកិច្ចបានឱ្យនារីរងគ្រោះខាងលើ រង់ចាំព្រឹកស្អែក ចាំស្វាងស្រា នឹងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងក្រោម ៕

សហការី KBN-LIVE.com