ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់បណ្តាញទឹក ចរន្តអគ្គីសនីរបស់រដ្ឋ ទាំងអ្នកនៅតាមខេត្ត ទាំងអ្នកនៅទីក្រុងភ្នំពេញ សប្បាយចិត្តបន្ទាប់ពីប្រសាសន៍ របស់សម្តេច ហ៊ុន សែន នូវតម្លៃទឹក ភ្លើងចុះថោក តែសម្រាប់ពលរដ្ឋមួយចំនួន រស់នៅក្នុងរាជធានីភ្នំពេញវិញ អត់បានសប្បាយនឹងគេ ដោយសារ៣០ឆ្នាំមកហើយ នៅមិនទាន់មានបណ្តាញ ទឹកស្អាតប្រើប្រាស់នៅឡើយ ។

ក្រោមកិច្ចអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល មានសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឃើញថា គ្រប់ហេដ្ឋារចនាសម្ព័ន្ធ មានការរីកចំរើនពីមួយឆ្នាំ ទៅមួយឆ្នាំ មានសំណង់ គ្រឹះស្ថាន សាលារៀន ផ្លូវថ្នល់ ទន្ទឹមនឹងការកកើតសំណង់ គ្រឹះស្ថានឃើញថា ការបម្រើបម្រាស់ទឹក ភ្លើង ដើម្បីផ្គង់ផ្គង់ជីវភាពរស់នៅ របស់ពលរដ្ឋក៏ទៅតាមនោះដែរ ។

ហើយដើម្បីកាត់បន្ថយ ភាពក្រីក្រ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាសាធារណៈ នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារ សាលាខេត្ត និងហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ កន្លងមក នូវតម្លៃទឹក ភ្លើង រដ្ឋចុះថោក មិនថាពលរដ្ឋនៅតាមបណ្តាខេត្ត ឬទីក្រុងភ្នំពេញនោះទេ។

ទាំងនេះហើយ ជាការមើលឃើញ រាល់ការលំបាក របស់ពលរដ្ឋ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្តាញទឹកស្អាត ភ្លើងរបស់រដ្ឋ សប្បាយរីករាយ នូវរាល់ការបញ្ចុះតម្លៃ ។ ក៏ប៉ុន្តែសម្រាប់ពលរដ្ឋមួយចំនួន រស់នៅទីក្រុងភ្នំពេញ ពិសេសពលរដ្ឋ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ លោកមិនមានអ្វីសប្បាយនឹងគេ ក៏ដោយសារ ការរស់នៅរបស់ពួកគាត់ ក្រោយពីកាត់ទឹកដី ពីខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៨៧ រហូតមកដល់ពេលនេះ ៣០ឆ្នាំហើយ នៅមិនទាន់មានបណ្តាញទឹកស្អាត ប្រើប្រាស់នៅឡើយ បើបណ្តាញចរន្តអគ្គីសនីវិញ ប្រើប្រាស់បណ្តាញ របស់ឯកជន តែពួកគាត់ស៊ូទ្រាំទ្រប្រើបាន ។

បើតាមប្រជាពលរដ្ឋ ដែលជួបនូវបញ្ហា កង្វះទឹកស្អាតប្រើប្រាស់ បានឲ្យដឹងថា ពួកគាត់រស់នៅក្នុង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ក្រោយពីកាត់បញ្ចូលភូមិសាស្រ្តខាងលើ ចូលជារាជធានីភ្នំពេញ អស់រយៈពេល៣០ឆ្នាំ មកហើយ រហូតមកដល់ពេលនេះ កំណើនប្រជាពលរដ្ឋ រស់នៅអចិន្រ្តៃជាង៥០០០នាក់ មិនគិតពលរដ្ឋស្នាក់នៅបណ្តោះអាសន្នផង ទីតាំងភូមិសាស្រ្តខាងលើមិនទាន់ មានបណ្តាញទឹកស្អាត ប្រើប្រាស់នឹងគេទេ ខណៈដែលតំបន់ជុំវិញ គេមានប្រើអស់ហើយ ។

ពលរដ្ឋបានឲ្យដឹងថាទៀតថា ការប្រើប្រាស់ទឹកសព្វថ្ងៃ គឺទឹកស្រះវត្ត ត្រពាំង ថ្លុកតាមភូមិ ទឹកភ្លៀង អ្នកមានលទ្ធភាពរកទិញទឹកមកប្រើ ចំពោះអណ្តូងវិញ កន្លងមកធ្លាប់ប្រើបាន តែពេលនេះលែងចេញហើយ បើចេញក៏ប្រើអត់កើតដែរ ។ បញ្ហាទាំងនេះហើយ ទើបធ្វើឲ្យពួកគាត់ អត់មានអ្វីសប្បាយនឹងគេ ខណៈដែលសម្តេចប្រកាសថាទឹក ភ្លើងចុះថោកហើយ បែជាពួកគាត់អត់មានទឹក ភ្លើងអ្វីចុះនឹងគេ ។ តាមទស្សនៈ មតិ ពលរដ្ឋបានលើកឡើងថា បើបានសម្តេចជួយ ដោះស្រាយបញ្ហាទឹកស្អាត ដល់ពលរដ្ឋទាំងនោះ មិនដឹងថា សប្បាយយ៉ាងណាទេ កាលបើរស់នៅក្នុងក្រុងភ្នំពេញនឹងគេដែរ តែគ្មានទឹកស្អាតប្រើប្រាស់ ៕

សហការី KBN-live.com