កណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរមួយ ដែលបានបង្កភាពភ្ញាក់ផ្អើលកាលពី វេលាម៉ោង៩ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ៦ ខាងជើងផ្សារព្រែកអញ្ចាញ ស្ថិតក្នុងភូមិក្រោម សង្កាត់ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ករណីគ្រោះចរាចេដ៏រន្ធត់មួយនេះ គឺកើតឡើងរវាង រថយន្តទំនើប Lexus470មួយគ្រឿង បុកពីក្រោយរថយន្តដឹកឥដ្ឋមួយគ្រឿងដូចគ្នា បណ្តាលឱ្យមនុស្សចំនួន ៣នាក់រងរបួសធ្ងន់ ។ ប្រភពពីកន្លែងកើតតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តទំនើប Lexus470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8319 បើកបរក្នុងល្បឿនលឿន ។

លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើ ជ្រុលចង្កូតទៅបុកពីក្រោយរថយន្តដឹកឥដ្ឋមួយគ្រឿងដែលកំពុងឈប់ប្តូរកង់រថយន្ត យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្ត Lexus470 ខ្ទេចផ្នែកខាងមុខទាំងស្រុង ហើយអ្នកបើកបរ រងរបួសធ្ងន់ធ្ងរសន្លប់បាត់ស្មារតី ចំណែកអ្នកបើកបររថយន្តដឹកឥដ្ឋ ដែលកំពុងប្តូរកង់នៅខាងក្រោមរថយន្តនោះ រងរបួសធ្ងន់ធ្ងរបាក់ជើងទាំងសងខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែងនៅកន្លែងកើតហេតុ និងហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រថយន្តទាំង២គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរង់ចាំការដោះស្រាយជាបន្ត ៕ សហការី KBN-LIVE.com