ភ្នំពេញ៖ កម្មករម៉ាស៊ីនកិនស្រូវក្រុមហ៊ុន(សហគ្រាសអង្កកម្ពុជា)២នាក់ បានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ខណៈពេលយកប្រេងម៉ាស៊ីនទៅចាក់នៅក្នុងឡសម្ងួតដើម្បីដុតយកកំដៅ បណ្តាលឱ្យឆាប់ឆេះខ្លួនទាំង ២នាក់តែម្តង ។​ ក្រោយកើតហេតុត្រូបានខាងក្រុមហ៊ុន ដឹកតាមរថយន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យឯកជន ចំណែកអ្នករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ ។​

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងរោងម៉ាស៊ីនកិនស្រូវ(សហគ្រាសអង្កកម្ពុជា)ស្ថិតនៅតាមផ្លូវបេតុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ជនរងគ្រោះមានឈ្មោះ អ៊ុល អ៊ី ភេទប្រុស អាយុ ៣០ឆ្នាំ មានមុរបរកម្មកររោងម៉ាស៊ីនកិនស្រូវខាងលើ មានទីលំនៅភូមិម្លិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់ ។ ​រីឯម្នាក់ទៀតរងរបួសស្រាល មិនត្រូវគេបានស្គាល់នោះទេ ។​

តាមប្រភព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង ២នាក់ បានបើកគំរបឡដើម្បីយកប្រេងម៉ាស៊ីន ទៅចាក់ទៅក្នុងឡនោះ ខណៈពេលជះប្រេងចូលទៅក្នុងឡស្រាប់តែអណ្តាតភ្លើងជះចេញមកក្រៅ ឆាបឆេះទៅលើជនរងគ្រោះទាំង ២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាលម្នាក់ ។
ក្រោយកើតហេតុ ខាងក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុនដឹកទៅគ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃម្នាក់ និងម្នាក់ទៀត នៅមន្ទីរពេទ្យបង្អែកសែនសុខ ៕ សហការី KBN-LIVE.com