ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំនោម ៣នាក់ បានធ្វើសកម្មភាពឆក់កាបូប​មិនបានសំរេច បណ្តាលឱ្យដួលម៉ូតូហើយរត់ចោលម៉ូតូបានបន្តិច ស្តាយម៉ូតូពេកត្រឡប់មកសុំម៉ូតូវិញត្រូវអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានម្នាក់ ​កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៨ ខែមិថុនា តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចផ្ទះលេខ៣៦ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើមានឈ្មោះ រតនៈ ដាវី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ​ជិះម៉ូតូធ្វើសកម្មភាពម៉ាកហុងដាឌ្រីម ​ស៊េរី០១៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE-5893 ជិះគ្នា ៣នាក់ ក្នុងទិសដៅពីកើតទៅលិច ។ ស្រ្តីរងគ្រោះមិនបានប្រាប់ឈ្មោះ អាយុជាង ២០ឆ្នាំ ជិះម៉ូតូឌុប ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យមានគ្នា ៣នាក់ជិះម៉ូតូមួយ​គ្រឿង ​ទិសដៅពីកើតទៅលិច ចំណែកស្រ្តីរងគ្រោះ ​​ជិះម៉ូតូឌុបមួយគ្រឿងម៉ាកហុងដាឌ្រីម ​ពណ៌ខ្មៅ ​ជិះពីភូមិ​ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឆ្ពោះទៅរង្វង់មូលចោមចៅ ក្នុងតំលៃ ៧០០០រៀល ។ ខណៈមកចំនុចកើតខាងលើ ស្រាប់តែមានជនសង្ស័យបានឆក់យកកាបូបលុយដែលស្ពាយជាប់នឹងខ្លួន តែឆក់មិនបានសម្រេច ដោយសារខ្សែកាបូបមិនបាន​ដាច់ ​បណ្តាលឱ្យដួលម៉ូតូជនរងគ្រោះ រងរបួសស្រាលទាំង ២នាក់ ចំណែកឯជនសង្ស័យ ក៏ដួលដែរ ហើយបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងទេ ត្រូវរថយន្តសង្គ្រោះដឹក យកទៅព្យាបាលនៅគ្លីនិកចំរើន ចំណែកអ្នករត់ម៉ូតូឌុប មិនបានទៅព្យាបាលរបួសទេ បាន​ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។

ដោយឡែកខណៈពេលដែលសមត្ថកិច្ចកំពុងតែមកសួរនាំ នៅកន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ស្តាយម៉ូតូដែលទើបនឹងទិញផង បានដើរមកទាំងអត់ពាក់ស្បែកជើង បានសុំយកម៉ូតូវិញ ត្រូវ​កម្លាំងកងរាជអាវុអហត្ថ​ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនមកសាកសួរនៅអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំចាត់ការតាមច្បាប់ ៕
សហការី KBN-LIVE.com