ភ្នំពេញ ៖ ​ស្រ្តីម្នាក់ អត់សូវស្រួលខ្លួន សុំច្បាប់ប្រធានក្រុមមួយល្ងាច ពេលមកដល់​ផ្ទះ កំពុងតែ​អង្គុយចាក់រូប ស្រាប់តែបុរសម្នាក់ ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នា បានសុំមឹមដោះនាង ដោយ​បីត្រកងចូលទៅក្នុងបន្ទប់ជួល ប៉ុនប៉ងរំលោភមិនបានសម្រេច បង្កឱ្យមានការភ្ញាក់ផ្អើល ​កាលពីវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់​ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសជាប់ចោទ មាន​ឈ្មោះ​ ផន ផេត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ក្បែរស្រ្តីរងគ្រោះ​ មានប្រពន្ធមានកូន២នាក់ ។​ ចំណែកស្រ្តីរងគ្រោះ មានឈ្មោះ ស.ព ​អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិកើតហេតុខាងលើ មានប្តី និងបានកូនម្នាក់ ។​

តាមប្រភពព័ត៌មាន ពីស្រ្តីរងគ្រោះ ​បាននិយាយថា​ នៅមុនពេលកើតហេតុ នៅថ្ងៃទី០៧ ខែមិថុនា រូបនាង​ទើបមកពីធ្វើការវិញ ព្រោះមិនសូវស្រួលខ្លួន បានសុំលោកប្រធានក្រុម អត់ធ្វើការ​មួយកំណាត់ថ្ងៃ​ពេលល្ងាច ។

ខណៈពេលមកដល់បន្ទប់ជួល គាត់បានអង្គុយ ចាក់​រូបនៅមុខ​បន្ទប់របស់ជនសង្ស័យ ដែលនៅជាប់គ្នា ដោយហេតុថា នៅមុខបន្ទប់របស់គាត់ ងងឹតជាង​នៅ​មុខបន្ទប់របស់ជនសង្ស័យ ។ ប្រភពដដែលបន្តទៀតថា ​​នៅវេលាម៉ោង ៣និង៣០រសៀល ថ្ងៃទី៧ ខែមិថុនា ខណៈពេលដែលកំពុងតែ អង្គុយចាក់រូប ស្រាប់តែជនសង្ស័យ ចេញពីធ្វើការរោងចក្រ ហើយបានសួរថា ស្រីពៅ ឯងអត់ទៅធ្វើការទេអី នាងបានឆ្លើយ អត់ទៅទេពូ ហើយបុរសខាងលើសួរទៀត «ចុះប្តីឯង ទៅធ្វើការបាត់ហើយអី ​ចុះម៉េចឯងមិនទៅធ្វើ គេបញ្ឈប់ចោលឬ» សួររួចហើយជន សង្ស័យបានបើកទ្វារចូលបន្ទប់បាត់ បានបន្តិចជនសង្ស័យ​បានចេញមកវិញ ហើយបាននិយាយពាក្យសម្តី មិនសមរម្យដូចជា និយាយថា «កាលពីក្រមុំ អញចង់មឹមដោះអូនឯងដែរ ​តែពុំបានមឹមសោះ ឥឡូវបងចង់រួមរ័ក ជាមួយអូនម្តង» ។

ភ្លាមៗនោះ រូបគាត់បាននិយាយថា ចង់តែឯងទៅ រួចគាត់ក៏​ងើបដើរចេញ ទៅបន្ទប់របស់គាត់វិញ ស្រាប់តែជនសង្ស័យ បានស្ទុះចាប់​បីគាត់ ចូលបន្ទប់របស់ជនសង្ស័យ ហើយដាក់គន្លឹះបន្ទប់ទៀត ។ ពេលនោះរូប​នាងបាននិយាយ​ថា ​ពូឯងមានប្រពន្ធ ព្រមទាំងមានកូនហើយ ឯខ្ញុំក៏មានប្តី ថែមទាំងមានកូនដូចពូដែរ ធ្វើនេះអត់សមទេ ។ ភ្លាមៗនោះ នាងបានរើបំរះចេញមកខាងក្រៅបន្ទប់វិញ ។

ស្រ្តីរងគ្រោះបានបន្តទៀតថា គាត់ធ្លាប់ស្គាល់ ជាមួយជនសង្ស័យ៤ទៅ៥ឆ្នាំហើយ តាំងពីគាត់នៅក្រមុំម្ល៉េះ ប៉ុន្តែមិនសូវជិតស្និទទេ តែកាលនាងនៅក្រមុំ ធ្លាប់ត្រូវជនសង្ស័យ ចាប់នាងច្របាច់សុដន់ម្តងរួចមកហើយ ។

បន្ទាប់ពីត្រូវជនសង្ស័យ បីយកទៅដាក់ក្នុងបន្ទប់ ប៉ុនប៉ងរំលោភមិនបានសម្រេចហើយ រូបនាងមិនហ៊ាន ប្រាប់ប្តីភ្លាមៗទេ ខ្លាចប្តីទប់កំហឹងមិនបាន ទើបនៅថ្ងៃទី០៨ ខែមិថុនា ទើបប្រាប់ប្តីឱ្យដឹង ហើយពេលដែលឃើញជនសង្ស័យ បានប្តឹងសមត្ថកិច្ចឃាត់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រលប់ ថ្ងៃទី៨ ខែមិថុនា ។

ជនសង្ស័យបានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តិដូចស្រ្តីខាងលើចោទប្រកាន់ទេ ។ ទោះបី​ជាយ៉ាងណា ស្រ្តីរងគ្រោះបាន​ទាមទារ សំណងជំងឺផ្លូវចិត្តចំនួន ៣ពាន់ដុល្លារ តែដោយសារ​ជន​សង្ស័យ មិនមានប្រាក់បង់ឱ្យ ស្រ្តីរងគ្រោះបានប្តឹងអោយសមត្ថកិច្ចធ្វើតាមផ្លូវច្បាប់​ ៕

សហការី KBN-LIVE.com