ប្រធានាធិបតី​ រុស្ស៊ី ​លោក វ្ល៉ាឌីមៀ ពូទីន​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​បាន​និយាយ​ថា​ គ្មាន​ប្រទេស​ណាមួយ​នៅ​លើ​ភព​ផែន​ដី​នេះ​អាច​រស់​បាន​ឡើយ​ ប្រសិន​បើ​សង្គ្រាម​នុយក្លេអ៊ែរ ​ផ្ទុះឡើង​រវាង​មហាអំណាច​ ដែល​ខ្លាំង​ជាង​គេ​បំផុត​លើ​លោក​។

លោក​ Oliver Stone ​អ្នក​ដឹកនាំ​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ របស់​សហរដ្ឋ​អាមេរិក បាន​ចោទ​សួរ​ទៅ​កាន់​រដ្ឋាភិបាល​រុស្ស៊ី​ថា​ តើ​លោក​ ពូទីន​ រំពឹង​ទេ​ថា​ សហរដ្ឋអាមេរិក​នឹង​ទទួល​បាន​ជោគជ័យ លើ​សង្គ្រាម​? ប្រសិន​បើ​មាន​ការ​ប្រកួត​ប្រជែង​បែប​មនុស្ស​ជាតិ​ នាំ​ឲ្យ​សង្គ្រាម​នុយក្លេអ៊ែរ ​ផ្ទុះឡើង​ ពិតមែននៅ​ពេល​ខាង​មុខ​។

លោក ពូទីន​ ឆ្លើយ​ថា​ “ខ្ញុំ​គិត​ថា​ នឹង​គ្មាន​នរណា​ម្នាក់​អាច​រួច​ខ្លួន​ឡើយ​ ប្រសិន​បើ​វា​កើត​ឡើងពិត​​មែន”។ ស្រប​គ្នា​នោះ​លោក​ Stone ​បាន​ឲ្យ​ដឹង​ថា​ កិច្ចសម្ភាសន៍​របស់​លោក​ប្រធានា​ធិបតី​រូប​នេះ​ នឹង​ត្រូវ​ចាក់​ផ្សាយ​ពេញ​លេញ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រុស្ស៊ី និង​អាមេរិក​​ នា​សប្ដាហ៍​ក្រោយ​នេះ​ ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​ទូទាំង​ពិភព​លោក​បាន​ដឹង​ពី​គ្រោះ​ថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ នៃ​អំណាច​នុយក្លេអ៊ែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ រុស្ស៊ី​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ប្រទេស​មហាអំណាច​មួយ​ដែល​មាន​យុទ្ធសាស្ត្រ​យោធា​យ៉ាង​រឹងមាំ​ ចំ​ពេល​ដែល​​តានតឹង​ជាមួយ​អង្គការ​ណាតូ​ នៅ​អឺរ៉ុប​ខាង​កើត​​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ ដែល​ធ្លាប់​ជជែក​តឹង​សរសៃ​ករ​ដាក់គ្នា​ម្ដង​រួច​មក​ហើយ​ ក្រោយ​ប្រធានាធិបតី​លោក ដូណាល់ ត្រាំ បញ្ជា​ឲ្យ​បាញ់​មីស៊ីល​​ជិត ​៥០​គ្រាប់​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​ ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក ពូទីន។ យ៉ាងណាមិញ​រហូត​មក​ដល់​ពេល​នេះ​ ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​នៅ​ឡើយ​៕ ផ្ដល់សិទ្ធដោយ៖ kqube