ប្រទេសឥណ្ឌា៖ កាសែតបរទេសរបស់ឥណ្ឌា បានចុះផ្សាយពីហេតុការណ៍ដ៏រន្ធត់មួយ នៅមុខមហាជនជាច្រើននាក់ ក្នុងស្ថានីយ៍រថភ្លើងដឹកអ្នកដំណើរមួយកន្លែង ក្នុងប្រទេសឥណ្ឌា ។

បើតាមការចុះផ្សាយនោះ បានរៀបរាប់ថា ហេតុការណ៍បានកើតឡើង នៅក្នុងស្ថានីយ៍រថភ្លើងឈ្មោះ ឃើរឡា ទីក្រុងមុមបៃ ប្រទេសឥណ្ឌា ។ ឃ្លីបវីដេអូនោះបានចាប់រូបភាព ដ៏គួរឲ្យរន្ធត់នៅពីមុខ អ្នកដំណើរជាច្រើននាក់ ដែលកំពុងឈរចាំរថភ្លើងមកដល់ ។

ក្នុងពេលដែលមនុស្សគ្រប់គ្នា កំពុងឈរចាំរថភ្លើងមកដល់ ស្រាប់តែមាននារីម្នាក់ បានដើរកាត់ផ្លូវរថភ្លើងនោះ ហើយនាងហាក់ដូចជាកំពុងតែស្តាប់អ្វីម្យ៉ាង នៅជាប់និងត្រចៀករបស់នាង ដោយមិនបានឮសម្លេងរថភ្លើងមកដល់នោះឡើយ ។ ស្របពេលនោះ មានអ្នកដំណើរជាច្រើន បានស្រែកហៅនាងដែរ តែនាងហាក់ដូចជាមិនឮអ្វីឡើយ ហើយគេបានគិតថា នាងកំពុងតែស្តាប់ចំរៀង ដោយបើកសម្លេងខ្លាំងៗនៅក្នុងត្រចៀករបស់នាង ។

បន្ទាប់ពីរថភ្លើងកាន់តែខិតជិតមកដល់ រថភ្លើងក៏បានបន្លឺសម្លេងស៊ីផ្លេខ្លាំងៗ ទើបនាងបានឮ ហើយភ័យឆ្លេឆ្លា ប្រញាប់រកកន្លែងរត់គេច តែយឺតពេលទៅហើយ ដោយសារតែរថភ្លើងមានល្បឿនលឿនពេក ទើបធ្វើឲ្យនាង គិតអ្វីមិនទាន់ ក៏ត្រូវរថភ្លើងបុកចំពីមុខ ពេញទំហឹងតែម្តង ។

ទោះជាយ៉ាងណាក៏ដោយ បើតាមការឲ្យដឹង ពីអ្នកមើលការខុសត្រូវកន្លែងនោះ បានបញ្ជាក់ថា នារីរូបនោះ ពុំមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ គ្រាន់តែរងរបួសធ្ងន់ ហើយបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ដោយឡែកប៉ូលិសបានធ្វើការសន្និដ្ឋានថា ករណីនេះកើតឡើង គឺបណ្តាលមកពីនារីរងគ្រោះ ស្តាប់ចម្រៀងដោយដាក់កាស ជាប់និងត្រចៀកបើកសម្លេងខ្លាំងៗ ទើបធ្វើឲ្យនាងមិនបានឮសម្លេង ស៊ីផ្លេរបស់រថភ្លើងដែលចុចឲ្យសញ្ញា នៅរយៈចំងាយឆ្ងាយនោះទេ ៕

ប្រភព៖ សារព័ត៌មាន Indian Express
ប្រែសម្រួល៖ សហការី KBN