ប្រទេសចិន៖ វេបសាយដ៏ល្បី របស់ប្រទេសចិន Shanghaiiest បានបង្ហាញវីដេអូមួយ ដែលធ្វើឲ្យមនុស្សទូទាំងពិភពលោក ធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់បុគ្គលិកសួនសត្វ មួយកន្លែង ដែលបានចាប់សត្វលារស់រវើក បោះឲ្យសត្វខ្លាហែកស៊ីស្រស់ៗ ហើយបានឲ្យភ្ញៀវទេសចរជាច្រើន ឈរមើលពីការឈឺចាប់ របស់សត្វលាមួយក្បាលនោះ ដែលត្រូវខ្លា២ក្បាល ហែកស៊ីជាចំណី ។

វីដេអូនេះដែរត្រូវបានគេបង្ហោះ ចែកចាយទូទាំងពិភពលោក ដោយហេតុការណ៍នេះ កើតឡើងនៅក្នុងសួនសត្វមួយឈ្មោះថា Yancheng Wild Animal World ស្ថិតក្នុងទីក្រុង Changzhou ខេត្ត Jiangsu ប្រទេសចិន។ សកម្មភាពដ៏គួរឲ្យតក់ស្លុតនេះ ត្រូវបានគេធ្វើជាសាធារណៈ ដោយឲ្យភ្ញៀវទេសចរឈរមើល ប្រហែលជា៣០នាទី ទើបខ្លាស៊ីសត្វលានោះបានសម្រេច។

បើតាមបុគ្គលិកបានប្រាប់ អ្នកសារព័ត៌មានថា ការបោះសត្វលាទាំងរស់នេះ ចូលក្នុងទឹកឲ្យខ្លាហែកស៊ីនេះ គឺដោយសារតែមានភាពរកាំរកូស បញ្ហាផ្ទៃក្នុងនៃម្ចាស់ភាគហ៊ុន ហើយម្ចាស់ភាគហ៊ុនម្នាក់ បានបញ្ជាឲ្យបុគ្គលិកសួនសត្វ យកសត្វលាមួយក្បាលទៅបោះចូលក្នុងទឹក ឲ្យខ្លាហែកស៊ីដោយគ្មានការអនុញាតិនោះឡើយ ៕

ប្រភព៖ Shanghaiist
ដោយ៖ សហការី KBN-live.com