ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលប្រជាពលរដ្ឋភាគច្រើនស្គាល់មុខ ស្គាល់ភិនភាគ ទោះជាខ្លួនវ័យចាស់ទៅហើយ ពុំព្រមទៅវត្ត ធ្វើអំពើបុណ្យ បែជាដើរប្រព្រឹត្តសាងតែអំពើបាប លួច ឆបោក ឥតឈប់ឈរ ហើយកន្លងមក ចាប់ឃាត់ខ្លួនបាន ចូលគុកក៏មិនរាងចាល រាប់លែងឈ្នះទៅហើយ មកដល់វេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ទៅធ្វើសកម្មភាពលួចកាច់កម៉ូតូមួយគ្រឿងចតនៅមុខផ្ទះ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចហើយ តែចំថ្ងៃស៊យ ត្រូវបានម្ចាស់ចេញមកទាន់ ស្រែកផ្អើលពលរដ្ឋក្បែរខាង ជួយដេញចាប់បានវាយសំពង បណ្តាលឱ្យរងរបួសបាក់ដៃឆ្វេង បែកមុខ រួចប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅ ។

ជនសង្ស័យសកម្មខាងលួច ឆបោក ខាងលើមានឈ្មោះ ទីន ធី ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិក្តៀងរាយ ឃុំក្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ចំណែកជនរងគ្រោះលើកនេះ មានឈ្មោះ ភាន វាសនា ភេទប្រុស ២៥ឆ្នាំ មុខរបរយោធា ទីលំនៅភូមិព្រៃព្រីខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមនគរបាល ប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យខាងលើ ជាមុខសញ្ញាចាស់ សកម្មខាងដើរធ្វើសកម្មភាពលួច ឆបោក ជាញឹកញាប់ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ហើយកន្លងមក សមត្ថកិច្ចចាប់ឃាត់ខ្លួនក៏ច្រើនដងមកហើយដែរ មិនដឹងថាយ៉ាងម៉េច ចេះតែមានមុខមកធ្វើសកម្មភាពដដែលៗ ។

នគរបាលបន្តទៀតថា រូបភាពដែលជនសង្ស័យរូបនេះធ្វើសកម្មភាព ប្រើល្បិច ជួលម៉ូតូឌុបដើររកទិញដី ទៅយកប្លង់ដី ប្រើល្បិចជ្រុះស្បែកជើង ជ្រុះលុយ ល្បិចខ្ចីម៉ូតូទៅយកកូនសោផ្ទះ លួចកាច់ក ល្បិចទាំងនេះនៅមានប្រសិទ្ធភាព ហើយមានជនរងគ្រោះច្រើននាក់ ដែលជួបទទួលរងនូវល្បិចជនសង្ស័យនេះ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុខ្លួនចតម៉ូតូមុខផ្ទះ ហើយរវល់តែអង្គុយមើលទូរទស្សន៍ ស្រាប់តែឮសូរសំឡេងបញ្ឆេះម៉ូតូ ចេញមកមើលឃើញជនសង្ស័យជិះចេញ ស្ទុះចាប់កន្ទុយម៉ូតូជាប់ ធ្វើឲ្យជនសង្ស័យភ័យរត់គេច ត្រូវបានប្រជាពលរដ្ឋក្បែរខាង ដេញតាមចាប់ ស្វាគមន៍ មួយដៃមួយជើង បាក់ដៃម្ខាង បែកមុខ រួចប្រគល់ឲ្យប៉ូលីស ។

ជនសង្ស័យក្រោយពីចាប់ឃាត់ខ្លួនបាន លើកនេះមិនដឹងថាជាលើកទីប៉ុន្មាននោះទេ នគរបាលឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ចោមចៅ រួចប្រគល់ជូនទៅផ្នែកជំនាញអធិការដ្ឋាន និងយកជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យ រង់ចាំចាត់ការទៅតាមនីតិវិធី ៕ សហការី KBN-LIVE.com