ភ្នំពេញ៖ ទ្រព្យសម្បត្តិក្នុងផ្ទះត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះជាប់រវល់ទៅលក់ដូរ ដោយចាក់សោរចោល ដែលករណីអគ្គិភ័យនេះបង្ករភ្ញាក់ផ្អើល កាលពីម៉ោង១២និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ម្ចាស់ផ្ទះឈ្មោះ រ៉ន ស៊ីណា ភេទស្រី អាយុ ៣៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះសង់ថ្មី ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ប្រភពបានប្រាប់ថា នៅមុនកើតហេតុ ប្រជាពលរដ្ឋបានធំក្លិនផ្សែង និងឆួលខ្លាំង ក្រោយមកស្រាប់តែមានផ្សែងហ៊ុយចេញពីលំនៅដ្ឋានខាងលើ ដែលម្ចាស់ចាក់សោរចោល ពេលនោះដោយសារឃើញផ្សែងហ៊ុយ ហើយម្ចាស់មិននៅផ្ទះ ត្រូវបានអ្នកជិតខាងជួយអត្តរាគមន៍ យកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ និងអ្នកខ្លះទាញទុយយោទឹកជួយបាញ់ពន្លត់ ទម្រាំរថយន្តពន្លត់អគ្គីភ័យទៅដល់ភ្លើងបានរលត់អស់ទៅហើយ ។

ម្ចាស់ផ្ទះបានប្រាប់ថា ផ្ទះគាត់ដែលឆេះនេះមានទំហំ៥ម៉ែត្រ គុណ១០ម៉ែត្រ ជញ្ជាំងថ្មប្រកសង្ក័សី សម្ភារះដែលខូចខាតទាំងស្រុង មានទូទឹកកកមួយគ្រឿង ម៉ាស៊ីនបោកខោអាវមួយគ្រឿង ទូសម្លៀកបំពាក់ និងខោអាវអស់ទាំងស្រុង ទូរទស្សន៍ចំនួន២គ្រឿង និងលុយចំនួន ២០ម៉ឺនរៀល ។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា អគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី និងមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ដោយសារប្រជាពលរដ្ឋ អនរាគមន៍ទាន់ពេលវេលា ៕ សហការី KBN-LIVE.com