ភ្នំពេញ៖ ម្ចាស់ផ្ទះកំពុងដេកលង់លក់ ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពឆ្កិះសោរទ្វារផ្ទះចូលលួចយកលុយនិងទ្រព្យសម្បត្តិសរុបទឹកប្រាក់ជាង ៥០០០ដុល្លាររួចគេចខ្លួនបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍ការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១១២៤ផ្លូវលេខ៩៩RBភូមិបឹងសាឡាង ខណ្ឌឬស្សីកែវ ។

ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ ផល្លី តាំងយូ ភេទស្រី អាយុ ២៨ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅកើតហេតុខាងលើ សម្ភារៈដែលក្រុមចោរធ្វើសកម្មភាពលួចយកទៅគេចខ្លួចបាតអស់នោះ មានលុយដុល្លារចំនួន ៤៣០០ដុល្លារ ម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៍ស មិនចាំស្លាកលេខ និងទូរស័ព្ទដៃមួយគ្រឿងម៉ាកស៊ាំស៊ុង សរុបទឹកប្រាក់ជាង ៥០០០ដុល្លារ ។

តាមប្រភពពីម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោងប្រហែលជាង ១០យប់ រូបគាត់និងប្តីជាជនជាតិចិន បានបណ្ដើរម៉ូតូម៉ាកស្កុបពីរដាក់នៅក្នុងផ្ទះ រួចចាក់សោរទ្វាររបងក៏ប៉ុន្តែមិនបានចាក់សោរទ្វារផ្ទះនោះទេ រួចយកលុយចំនួន ៤៣០០ដុល្លារទុកក្នុងកិតុ នៅលើបន្ទប់ឡៅតឿ ហើយបាននាំប្តីនិងប្អូនស្រីបង្កើតទៅនៅបន្ទប់ជាន់ទី១ទាំង៣នាក់ (បន្ទប់ផ្សេងគ្នា) ចំណែកឯប្អូនស្រីបង្កើតម្នាក់ទៀត ចេញពីធ្វើការងារនៅពេលយប់វិញមិនបានត្រឡប់មកចូលផ្ទះទេ ដោយជាប់រវល់ទៅដើរលេងជាមួយមិត្តភក្ដិបាត់ ។

​លុះព្រឹកឡើងនៅម៉ោង៦និង០០នាទីព្រឹកកើតហេតុ ប្អូនស្រីបានត្រឡប់មកពីដើរលេងជាមួយមិត្តភក្ដិវិញ មកដល់ផ្ទះក៏ឃើញទ្វាររបង និងទ្វារផ្ទះចំហ ក៏ស្រែកហៅបងស្រីនិងប្អូនស្រី ឱ្យក្រោកបន្ទាប់មកបងស្រី បានក្រោកចុះមកក្រោមទើបដឹងថា មានក្រុមចោរចូលឆ្កិះសោរទ្វាររបងចូលលួចលុយ និងម៉ូតូក៏មានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង មកចោមរោមមើល ។​ លុះនៅវេលាម៉ោង១១ព្រឹក ថ្ងៃដដែលទើបជនរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋាបាលឬស្សីកែវ ឱ្យជួយអន្តរាគមន៍ តែប៉ុណ្ណោះ ៕ សហការី KBN-LIVE.com