កងទ័ព​ប៉ារ៉ា​របស់​អុីរ៉ាក់​ ត្រូវ​បាន​រាយការណ៍​មក​ថា​ ទើប​បាន​បើក​ការ​វាយប្រហារ ​យ៉ាង​កក្រើក​ នៅ​លើ​សមរភូមិ​ប្រទេស​ស៊ីរី​ ដោយ​ដណ្ដើម​យក​ភូមិ​ចំនួន​ ៩​បន្ថែម​ទៀត​ពី​កណ្ដាប់​ដៃ​ ក្រុម​សកម្ម​ប្រយុទ្ធ ISIS​។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់សារព័ត៌មាន​​ theguardian។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​កងកម្លាំង​រដ្ឋាភិបាល​អុីរ៉ាក់​ Hashed al-Shaabi​ ថា​ កាល​ពី​ថ្ងៃ​ចន្ទ​ ទី០៥ ខែមិថុនា ម្សិលមិញ​ កង​កម្លាំង​របស់​ពួកគេ​បាន​បាញ់​ប្រហារ​ដោយ​ប្រើ​រថក្រោះ​ផ្លោង​ជាច្រើន​គ្រាប់​ទៅ​លើ​ជុំ​រុំ​របស់​ក្រុម​ជ្រុលនិយម។ ក្នុង​ការ​ប្រយុទ្ធ​នេះ​សមាជិក ​ISIS ប្រមាណ​ជា​ ៣៧​នាក់​បាន​ស្លាប់​ ភូមិ​ចំនួន​ ៩​ត្រូវ​បាន​ដណ្ដើម​មក​វិញ។

​ប្រភព​ដដែល​បន្ថែម​ថា​ ​រថយន្ត​យោធា​ពួក​សកម្ម​ប្រយុទ្ធ​ចំនួន​ ៤​គ្រឿង ត្រូវ​បាន​កង​កម្លាំង​អាកាស​អ៊ីរ៉ាក់​បាញ់​កម្ទេច​ឆេះ​យ៉ាង​សន្ធោសន្ធៅ ដែល​ស្ថិត​នៅ​ចម្ងាយ​ ២០​គីឡូម៉ែត្រ​ ពី​ភាគ​ខាង​កើត​ព្រំដែន​ស៊ីរី។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សង្គ្រាម​ស៊ីវិល​រាំ​រៃ​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ មក​ដល់​ពេល​នេះ​បើ​តាម​របាយការណ៍​ពី​អង្គការ​ UNICEF ​មាន​កុមារ​ប្រមាណ​ជាង​ ១​សែន​នាក់​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ ដោយ​ពួកគេ​ត្រូវ​បាន​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ ចាប់​ឃុំខ្លួន និង​សម្លាប់​ចោល​ ខណៈ​ដែល​ប្រជាជន​ជាច្រើន​នាក់​ផ្សេង​ទៀត​គេចខ្លួន​ ​និង​រស់នៅ​ប្រឈម​នឹង​គ្រោះថ្នាក់​គ្មាន​ស្បៀង​អាហារ​ ឬ​ទីជម្រក​ឡើយ៕

ផ្តល់សិទ្ធដោយ៖ kqube.net