សិល្បៈ ​៖ មុន​ផុត​បង្ហើម​លោក​ អ៊ិត សេដ្ឋា​ មាន​គោលបំណង​ពីរ​ដែល​មិនទាន់​សម្រេច​បាន​ គឺ​លោក​ចង់​បាន​ផ្ទះ​មួយ​ឲ្យ​កូន​ និង​ម្ដាយ​ជរា​ស្នាក់​នៅ ​និង​ចង់​ឃើញ​កូន​ៗ​រៀន​បាន​ចប់​ចុង​ចប់​ដើម​ ។ដើម្បី​បំពេញ​បំណង​នេះ​ស្ថានីយ​ទូរទស្សន៍​ CTN ​បាន​រៀបចំ​ឲ្យ​មាន​«មូលនិធិ​ CTN​» ដើម្បី​រៃអង្គាស​ថវិកា​ជួយ​កូនៗ​កំព្រា​ទាំង​៣​នាក់​របស់​លោក​ អ៊ិត សេដ្ឋា ព្រម​ទាំង​ម្ដាយ​របស់​លោក​។

តាម​ការ​បញ្ចេញ​ព័ត៌មាន​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ មូលនិធិ​នេះ​មាន​គំនិត​ផ្ដួចផ្ដើម​ពី​ឯកឧត្ដម​ ហ៊ុយ ​វណ្ណៈ ​ព្រមទាំង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ឧកញ៉ា ​គិត ម៉េង ​ដើម្បី​ទិញ​ផ្ទះ​១​ល្វែង​ ព្រម​ទាំង​ទ្រទ្រង់​ជីវភាព​ និង​ផ្ដល់​ការ​សិក្សា​ដល់​កូនៗ​សព​លោក​ អ៊ិត សេដ្ឋា​ រហូត​ដល់​ចប់​ ដើម្បី​ជា​ការ​ជូន​ដំណើរ​​វិញ្ញាណក្ខន្ធ​ លោក អ៊ិត ​សេដ្ឋា​ ទៅ​កាន់​សុគតិភព​ដោយ​ស្ងប់​។

គួរ​បញ្ជាក់​ដែរ​ថា​ លោក​ អ៊ិត សេដ្ឋា ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ CBS ​ដែល​មាន​ទូរទស្សន៍​ CTN, CNC, MyTV, CTN International និង OneTVជាង​១០​ឆ្នាំ​មក​ហើយ​។ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៤​មិថុនា ​លោក​បាន​ទទួល​មរណភាព​ ក្នុង​ជន្មាយុ​៤៩​ឆ្នាំ​ ដោយ​រោគាពាធ​ និង​បាន​បន្សល់​ទុក​កូន​កំព្រា​តូចៗ​ប្រុស​ស្រី​៣​នាក់​ គ្មាន​ផ្ទះសម្បែង​ និង​គ្មាន​ថវិកា​ទ្រទ្រង់​ជីវភាព​នោះ​ទេ​។

សូម​បញ្ជាក់​ដែរ​ថា ការ​ទទួល​ថវិកា​សប្បុរស​របស់​មូលនិធិ​នេះ​ នឹង​ធ្វើ​តាម​តែ​ប្រព័ន្ធ​ធនាគារ​ Wing​ នឹង​ចាប់​ពី​ថ្ងៃ​ទី​០៧​ ខែ​មិថុនា ​ឆ្នាំ​២០១៧​ ដែល​ងាយ​គ្រប់គ្រង​បាន​ និង​ដោយ​តម្លាភាព ​គឺ​ធ្វើ​តែ​តាម​រយៈ​មូលនិធិ​ CTN ​តែ​មួយ​គត់​។ការ​ទទួល​ថវិកា​សប្បុរស​ចូល​រួម​បរិច្ចាគ​ក្នុង​ “មូលនិធិ​ CTN​ ជួយ​កូនៗ​កំព្រា​របស់​លោក ​អុិត ​សេដ្ឋា​” គឺ​ចាប់​ទទួល ​និង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​០៨​ ខែ​មិថុនា ​ឆ្នាំ​២០១៧​ ដោយ​ផ្សាយ​ផ្ទាល់​នៅ​ទូរទស្សន៍​ CNC ចាប់​ពី​វេលា​ម៉ោង​ ២:០០នាទី ដល់ ៤:០០នាទី រសៀល ។

ព័ត៌មានបន្ថែម សូម​មេត្តា​ទាក់​ទង​គណៈកម្មការ​មូលនិធិ​ តាម​រយៈលេខ​ទូរស័ព្ទ​៖ ០១២ ២២១ ៧៨៩, ០១៧ ៧៩៩ ៧៧៧, ០១៧ ៥០២ ៥២៩ និង ០៩២ ១៣០ ០០៧៕
ផ្ដល់សិទ្ធដោយ៖ kqube